អ្វីដែលខ្ញុំខ្លាចបំផុត មិនមែនខ្លាចធ្វើការងារដែលលំបាកទេ ប៉ុន្តែខ្ញុំខ្លាចតែខ្លួនឯងមិនស្រលាញ់ចំពោះការងារដែលត្រូវធ្វើនោះ ព្រោះការងារស្រួលៗក៏ក្លាយទៅជាលំបាកដែរ បើខ្ញុំមិនពេញចិត្តវាទេ ប៉ុន្តែការងារលំបាកយ៉ាងណាក៏ខ្ញុំអាចតស៊ូបាន បើខ្ញុំស្រលាញ់ចំពោះការងារនោះ។
អ្វីដែលខ្ញុំខ្លាចបន្ទាប់មកទៀត មិនមែនខ្លាចក្នុងការពុះពារតែម្នាក់ឯងទេ ប៉ុន្តែខ្ញុំខ្លាចខ្លួនឯងត្រូវបង្ខំចិត្តពុះពារដោយសារការបំពេញចិត្តនរណាម្នាក់ដែលចង់ឲ្យខ្ញុំធ្វើវា។
ការឡើងដើមឈើដ៏ធំ ហើយខ្ពស់វាមិនគួរឲ្យខ្លាច ដូចការដែលត្រូវគេរុញឡើង ទាំងដែលខ្ញុំមិនចេះឡើងដើមឈើនោះទេ។ អ្វីដែលខ្ញុំចេះ ខ្ញុំជឿជាក់ ហើយខ្ញុំតាំងចិត្តនឹងធ្វើ វាប្រាកដជាអាចទៅរួច ហើយបើទៅមិនរួចខ្ញុំគិតថាខ្លួនឯងគ្រាន់តែត្រូវព្យាយាមបន្ថែមប៉ុណ្ណោះ។
គ្រប់យ៉ាងគឺផ្ដើមចេញពីខ្លួនឯងជាមុន។ បើយើងចង់ទៅដល់គោលដៅ យើងត្រូវតែមានគោលដៅ។ បើយើងចង់ដើរ យើងត្រូវមានកម្លាំងដើម្បីដើរ ហើយបើយើងចង់ធ្វើអ្វីមួយ យើងត្រូវតែមានក្ដីស្រលាញ់ដើម្បីធ្វើវា។ អ្វីគ្រប់យ៉ាងនឹងល្អប្រសើរ ដោយគ្រាន់តែយើងត្រូវធ្វើវាដោយយកចិត្តទុកដាក់ និងដោយក្ដីស្រលាញ់ចេញពីចិត្តផង។

