#មនុស្សខ្លះគឺបែបហ្នឹង!

M
mongthyda
និយាយដោយត្រង់ ពេលខ្លះ កុំថាឡើយដល់រកអ្នកដែលមកជួយយើង ពេលយើងលំបាក ត្រឹមតែគេមិនមកបន្ថែមបញ្ហាឱ្យយើងដោះស្រាយពេលយើងកំពុងមានបញ្ហាផ្ទាល់ខ្លួនដែលត្រូវដោះស្រាយនោះ វាក៏ចាត់ថាជារឿងល្អណាស់ទៅហើយ។
មនុស្សខ្លះស្គាល់ផ្លូវមកផ្ទះយើង និងនឹកឈ្មោះរបស់យើង តែពេលត្រូវការយើងប៉ុណ្ណោះ។ រាប់ខែរាប់ឆ្នាំ បើមិនមានបញ្ហាត្រូវពឹងពាក់ទេក៏មិនដែលនឹកនាឡើយ តែដល់ពេលទាល់ច្រកមែនទែន ក៏មករកយើង។ ចួនកាលជួយគេដប់ ម្ភៃដង ហើយខកខានតែម្ដងមិនបានជួយ យើងក៏ទៅជាមនុស្សអាក្រក់ មនុស្សចិត្តមិនបានភ្លាមក៏មានដែរ។
មនុស្សខ្លះគឺបែបហ្នឹង ពេលណាខ្លួនអាចរកគេបាន អាចពឹងពាក់អាស្រ័យលើគេបាន ក៏ពោលថាគេល្អ។ ល្អៗមានតែក្នុងខ្យល់មាត់ប៉ុណ្ណោះ តែក្នុងជម្រៅចិត្តវិញ ពុំដែលនឹកដល់សេចក្ដីល្អដែលធ្លាប់ទទួលបានពីគេទេ។ ពេលពឹងគេ បើគេថាព្រមជួយក៏លើកសរសើរ បញ្ជោថាល្អយ៉ាងនេះមួយ យ៉ាងនោះមួយ តែលោតែមានថ្ងៃយើងបដិសេធម្ដងវិញ សេចក្ដីល្អដែលធ្វើជាមួយតាំងប៉ុន្មាន រលាយដូចអំបិលត្រូវទឹកអ៊ីចឹង។ ប៉ុន្តែមិនថ្វីទេ អំបិលដាក់ក្នុងទឹកវាច្បាស់ជារលាយហើយ តែក្រោយអំបិលរលាយ យើងនឹងសល់ទឹកដែលមានរសប្រៃដូចអំបិលដែរ។ សេចក្ដីល្អ ធ្វើទៅហើយប៉ះមនុស្សមិនល្អ ក៏វាមិនសាបសូន្យទៅណាឡើយ វិលទៅវិលមក វាគង់នឹងវិលមករកម្ចាស់ដើមវិញពុំខានឡើយ៕

Comments