#ស្មោះត្រង់ជាមួយខ្លួនឯង

M
mongthyda
“នៅពេលយើងមិនតាំងចិត្តស្អប់ជីវិត នោះយើងនឹងឃើញថាជីវិតតែងព្យាយាមផ្ដល់អ្វីជាច្រើន ដែលយើងស្រឡាញ់មកឱ្យយើងរាល់ថ្ងៃ”
មួយជីវិតនេះ យើងប្រាកដជាបានចួបនឹងអ្នកដែលធ្លាប់កុហកយើងច្រើនលើសពីម្នាក់ ប៉ុន្តែមនុស្សម្នាក់ដែលកុហកយើងច្រើនជាងគេបំផុត គឺគ្មាននរណាផ្សេងក្រៅពីយើងខ្លួនឯងឡើយ។ យើងមិនអាចបដិសេធទេថា យើងមិនធ្លាប់កុហកខ្លួនឯង។ វាក៏ល្មមដល់ពេលហើយ ដែលយើងត្រូវចាប់ផ្ដើមសារភាពរឿងទាំងអស់នេះចំពោះខ្លួនឯង រួចហើយក៏ចាប់ផ្ដើមគោរពខ្លួនឯងឡើងវិញ។ ខ្ញុំជឿថាមានពេលខ្លះ យើងត្រូវបង្ខំចិត្តឆ្លើយយល់ព្រមចំពោះសំណើមួយទាំងមិនសប្បាយចិត្ត។ វាមានអ្វីមួយនៅពីក្រោយការឆ្លើយតបនោះ ហើយនោះគឺហេតុផលមួយចំនួន។
មានហេតុផលជាច្រើន ដែលយើងត្រូវឆ្លើយយល់ព្រមទាំងដែលពេលខ្លះយើងមិនសប្បាយចិត្ត ប៉ុន្តែមានហេតុផលតែមួយប៉ុណ្ណោះ ដែលយើងអាចឆ្លើយបដិសេធដោយមិនចាំបាច់ត្រូវភ័យខ្លាច នោះគឺភាពស្មោះត្រង់ចំពោះខ្លួនឯង។ យើងប្រហែលជាធ្លាប់ឆ្លើយយល់ព្រម ចំពោះសំណើសុំរបស់នរណាម្នាក់ទាំងចិត្តទើសទាល់។ ពេលខ្លះយើងជួយគេមិនមែនព្រោះមានចិត្តចង់ជួយដោយពិតប្រាកដទេ ប៉ុន្តែដោយគិតពីហេតុផលច្រើនជាង។ ពេលខ្លះសម្រេចចិត្តថាត្រូវជួយគេ ក៏ព្រោះតែគិតថាថ្ងៃក្រោយខ្លួនត្រូវការឱ្យគេជួយវិញ ហើយខ្លាចពេលនោះគេឆ្លើយបដិសេធ ដូច្នេះគឺមានតែទ្រាំយល់ព្រមជួយគេទាំងដែលខ្លួនឯងមិនសប្បាយចិត្តក៏មានដែរ។ ក្នុងជីវិតរស់នៅ យើងត្រូវបត់បែន ប៉ុន្តែការបត់បែនមិនមែនមានន័យថា ទាល់តែកុហកខ្លួនឯង ទើបអាចបត់បែនបាននោះទេ។ នៅក្នុងលក្ខខណ្ឌខ្លះ វាតម្រូវឱ្យយើងត្រូវតែនិយាយបដិសេធដោយមិនខ្លាចនរណាម្នាក់ត្រូវឈឺចាប់ជាមួយពាក្យឆ្លើយតបនោះសូម្បីបន្ដិច។

Comments