ដោយសារតែយើងមិនអាចដឹងបានថា ថ្ងៃណាជាថ្ងៃចុងក្រោយរបស់យើងនៅលើផែនដីនេះ ទើបយើងត្រូវតែប្រញាប់ធ្វើអ្វីៗទាំងអស់នៅថ្ងៃនេះ ពេលឥឡូវនេះ។ យើងមិនអាចពន្យារពេលបានឡើយ ពីព្រោះថ្ងៃដែលនៅសល់សម្រាប់យើងដើម្បីរស់នៅ វាអាចនឹងខ្លីជាងអ្វីដែលយើងធ្លាប់បានគិតទៅទៀត។
លុយ បើយើងចំណាយទៅដោយឥតប្រយោជន៍ អ្វីដែលយើងខាតបង់វាគ្រាន់តែជាលុយហ្នឹងឯង តែពេលវេលា បើយើងចំណាយវាឥតប្រយោជន៍ អ្វីដែលយើងខាតបង់គឺជាពេលវេលានៃការរស់នៅរបស់យើងប្រាកដណាស់។ កុំខ្វល់ខ្វាយច្រើនពេកចំពោះអ្វីដែលអ្នកដទៃយល់ឃើញ និងគិតចំពោះយើង ពីព្រោះនៅទីបំផុតនៃជីវិត គ្មាននរណាម្នាក់ដែលបន្តដំណើរទៅកាន់ភពថ្មីជាមួយយើងទេ។
អ្វីដែលសំខាន់សម្រាប់យើង គឺការរស់នៅ ហើយត្រូវរស់នៅឱ្យសប្បាយចិត្តទៀតផង។ ពេលវេលាដែលយើងបាត់បង់ទៅ វាមិនអាចត្រឡប់ថយក្រោយវិញបានទេ កុំថាឡើង១០ឆ្នាំមុន សូម្បីតែ១វិនាទីមុននេះក៏មិនត្រឡប់មកវិញដែរ។ សូមដើរតាមក្ដីសុបិនរបស់ខ្លួន ហើយសូមធ្វើវាដោយរីករាយចុះ។ កុំខ្វល់ច្រើនពេក វាគ្មានន័យអ្វីទេ នៅទីបំផុតអ្វីដែលមានន័យសម្រាប់យើង គឺយើងបានធ្វើអ្វីដែលខ្លួនឯងស្រលាញ់ពេញចិត្ត៕

