ពេលខ្លះទម្រាំតែយើងអាចយល់ពីអ្វីមួយបាន វាស្ទើរតែអស់ពេលដើម្បីពន្យល់ដល់អ្នកឯទៀតឱ្យបានយល់ដែរ! ប៉ុន្តែជួនកាល ការពន្យល់ដោយមិនបានឆ្លងកាត់វាអាចត្រឹមតែធ្វើឱ្យអ្នកស្ដាប់យល់សើៗប៉ុណ្ណោះ។ មានតែគេបានឆ្លងកាត់ដោយខ្លួនឯងប៉ុណ្ណោះ ទើបគេអាចយល់បាន ហើយងាយក្នុងការពន្យល់អ្នកដទៃ។ ពន្យល់គេជារឿងងាយ ប៉ុន្តែគ្មានការយល់បានដោយងាយមុនពេលឆ្លងកាត់ទេ។
ពេលខ្លះយើងគិតថាខ្លួនឯងលំបាកណាស់ដែលត្រូវឆ្លងកាត់ស្ថានភាពលំបាក ប៉ុន្តែអ្នកខ្លះសូម្បីតែយល់អំពីស្ថានភាពលំបាកក៏យល់បានដោយលំបាកដែរ ព្រោះគេមិនធ្លាប់ឆ្លងកាត់។ មនុស្សប្រុសអាចដឹងថាស្ត្រីសម្រាលកូនគឺលំបាក ប៉ុន្តែមានតែស្ត្រីដែលធ្លាប់សម្រាលកូនទើបដឹងថាវាលំបាកប៉ុនណា! លំបាកយ៉ាងម៉េច។ បុរសដែលអាចយល់គឺបានត្រឹមតែយល់ ប៉ុន្តែយ៉ាងហោចណាស់ការយល់នេះក៏អាចធ្វើឱ្យបុរសចេះជួយសម្រួលដល់ទុក្ខលំបាកនោះបានខ្លះៗដែរ។
គ្រប់របត់ជីវិតគឺបត់បែន ឡើងចុះ លំបាក ស្មុគស្មាញ ប៉ុន្តែផ្លូវមួយនេះក៏នៅតែគួរឱ្យចង់ធ្វើដំណើរ ចង់ភ្លក់រសជាតិ ចង់ដឹង ចង់យល់។ ក���ំចង់យល់ដោយគ្រាន់តែរង់ចាំការពន្យល់ ប៉ុន្តែត្រូវចង់យល់ដោយការស្វែងយល់។ គ្រប់ដង្ហើមដែលដកចេញ ដកចូលគឺជាដង្ហើមដែលត្រូវរៀនយល់ រៀនគិត ហើយក៏រៀនអនុវត្ត។ ធ្វើទៅ! បើបរាជ័យវាបានមេរៀន តែបើជោគជ័យក៏ត្រូវបន្តធ្វើឱ្យវាកាន់តែល្អថែមទៀត។
មិនមានក្មេងណាក្រឡាប់បានម្ដងហើយក៏ចេះវាទេ។ វាត្រូវក្រឡាប់ច្រើនដង វាច្រើនថ្ងៃ ទើបអាចរំកិល ក្រោកឈរ ដួលច្រើនដង ទើបអាចដើរទៅមុខបាន ដើររហូតដល់ស៊ាំទើបអាចរត់បាន។ ជីវិតគឺវាបែបនេះឯង!!!

