ការទទួលខុសត្រូវពិតជាធ្វើឱ្យយើងឆាប់ហត់ណាស់។ បើកាលណាទម្ងន់នៃការទទួលខុសត្រូវកាន់តែច្រើន នោះយើងក៏នឹងកាន់តែឆាប់ហត់ កាន់តែខ្សោះ ល្វើយ អស់កម្លាំង។ ម្ដងម្កាលយើងស្ទើរតែដួល ឬមានពេលខ្លះដួលហើយស្ទើរតែមិនអាចក្រោកឡើងវិញបាន។ អ្នកខ្លះពេលហត់ គឺអាចរកពេលសម្រាកបាន តែអ្នកខ្លះមិនអាចសម្រាកទេ ទោះបីជាពេលកំពុងហត់បំផុតក៏ដោយ លើកលែងតែមិនអាចក្រោករួច ទើបជាពេលវេលាមួយដែលគេបានសម្រាក។ ពេលវេលាសម្រាករបស់មនុស្សដែលទ្រទម្ងន់នៃការទទួលខុសត្រូវខ្ពស់គឺពេលដែលជំងឺរបស់គេធ្វើទុក្ខខ្លាំង កន្លែងសម្រាករបស់មនុស្សដែលមានការទទួលខុសត្រូវធ្ងន់ ភាគច្រើនគឺនៅឯមន្ទីរពេទ្យ គ្រែដែលមនុស្សហត់នឿយគេង ភាគច្រើនគឺគ្រែសម្រាកព្យាបាល។

