ការរស់នៅដែលមានគំនិតបញ្ច្រាសពីអ្នកជុំវិញខ្លួន ពេលខ្លះគឺវាឈឺចាប់។ យើងត្រូវប្រឹងដើម្បីសម្រេចគោលដៅជីវិតដោយខ្លួនឯងផង ហើយត្រូវប្រឹងទប់ទល់នឹងការពេបជ្រាយពីមនុស្សក្បែរខ្លួនផង។ ពេលខ្លះយើងត្រូវប្រកាន់គោលជំហរខ្លួនឯង ហើយប្រឹងប្រយុទ្ធដោយសេចក្ដីអត់ធ្មត់ និងដោយភាពក្លាហាន។ មនុស្សដែលចូលចិត្តយើងនៅថ្ងៃនេះ ក៏មិនប្រាកដថានឹងចូលចិត្ត ឬគាំទ្រការសម្រេចចិត្តរបស់យើងនៅថ្ងៃនេះទេ។ ដូច្នេះ កុំលង់នឹងការចូលចិត្ត ឬមិនចូលចិត្តរបស់ពួកគេ ប៉ុន្តែត្រូវតែច្បាស់លាស់ចំពោះអ្វីដែលយើងធ្វើ ហើយបន្តធ្វើវាតទៅទៀត បើយើងជឿថានោះគឺជាបុព្វហេតុជីវិតរបស់យើង។
ចង្កូតរបស់ជីវិតគឺយើងផ្ទាល់ជាអ្នកកាន់បញ្ជា តែបើយើងមិនស្គាល់ពីគោលដៅថាខ្លួនត្រូវទៅណា និងមិនដឹងពីបុព្វហេតុជីវិតដែលខ្លួនត្រូវរស់នៅទេ អ៊ីចឹងវាជារឿងងាយស្រួលណាស់សម្រាប់អ្នកដទៃ ក្នុងការចង្អុលបង្ហាញយើងឱ្យទៅនេះ ឬទៅនោះតាមតែការចង់បានរបស់គេ ហើយមិនយូរមិនឆាប់យើងក៏នឹងអស់ថាមពលរលីង ថែមទាំងចាប់ផ្ដើមវង្វេងខ្លួនឯងថែមទៀតផង។ យូរៗទៅក៏ប្រើជីវិតរស់នៅអាស្រ័យដោយមាត់ និងភ្នែកអ្នកដទៃ។
យើងនឹងហត់នឿយ ប្រសិនបើយើងរស់នៅដោយការភ័យខ្លាចថាមានអ្នកមិនចូលចិត្តយើង មានអ្នកស្អប់យើង ហើយប្រសិនបើយើងចង់ស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯង យើងត្រូវតែលុបចោលអារម្មណ៍ភ័យខ្លាចថាគ្មាននរណាគាំទ្រយើង ដោយចាប់ផ្ដើមពង្រឹងគោលជំហររបស់ខ្លួនឱ្យរឹងប៉ឹង និងច្បាស់លាស់ឡើង។ ឱ្យតែវាជារឿងដែលត្រឹមត្រូវ ចូរធ្វើវាទៅ។ ថ្ងៃនេះអាចនឹងគ្មាននរណាចាប់អារម្មណ៍ ថ្ងៃស្អែកក៏អាចនៅតែគ្មាននរណាចាប់អារម្មណ៍ដដែល ប៉ុន្តែយើងធ្វើវាព្រោះតែយើងចាប់អារម្មណ៍ចំពោះភាពត្រឹមត្រូវ ហើយយូរបន្ដិចទៅផ្លែផ្ការបស់វាក៏នឹងលេចចេញឡើងមិនខាន។
រស់នៅថ្ងៃនេះឱ្យល្អបំផុត តែកុំរស់នៅដើម្បីតែថ្ងៃនេះ។ រាល់ការសម្រេចចិត្តគ្រប់យ៉ាងរបស់យើងនៅថ្ងៃនេះ ត្រូវតែគិតពីលទ្ធផលដែលនឹងផ្ដល់ត្រលប់មកវិញនៅថ្ងៃបន្ទាប់ ឬពេលណាមួយខាងមុខ។

