ជីវិតគឺជាការលះបង់ មួយឃ្លានេះឆ្លុះបង្ហាញពីអត្ថន័យនៃជីវិតយ៉ាងពិតប្រាកដ។ យើងលះបង់ពេលវេលា កម្លាំងកាយចិត្ត ចំពោះអ្នកដទៃដោយធ្វើនូវអ្វីៗជាប្រយោជន៍ដល់សង្គម។ ខណៈដែលយើងមិនបានធ្វើការអ្វីទាល់តែសោះ សួរថា តើពេលនោះយើងលះបង់ពេលវេលាឲ្យអ្នកណា? ដូច្នោះហើយ កុំលះបង់ទៅក្នុងផ្លូវខុស និងត្រូវប្រុងប្រយ័ត្នបំផុតក្នុងការប្រើប្រាស់ពេលវេលាដែលខ្លួនមាន។ ចូរប្រើជីវិតក្នុងទឹកចិត្តលះបង់ យើងប្រាកដជាទទួលបាននូវកម្លាំងជ្រោមជ្រែងពីធម្មជាតិនេះ។ 
គ្រាមួយនោះ ខ្ញុំក្លាយជាជក់ចិត្តក្នុងការសរសេអត្ថបទពីផ្នត់គំនិតទស្សនៈផ្ទាល់ខ្លួន គឺធ្វើដោយគ្រាន់តែបំពេញតាមចិត្តមិនបានគិតថានឹងបានប្រយោជន៍អ្វីឡើយ ស៊ូខាតពេលរកលុយមកអង្គុយសរសេរគំនិតប្រាប់អ្នកដទៃ តែដឹងអី ថ្ងៃនេះអត្ថបទទាំងនោះក៏ក្លាយជាសៀវភៅមួយក្បាល ដែលអ្នកកំពុងតែកាន់អាន។ ហេតុនេះ បើអ្នកចូលចិត្តធ្វើអ្វី ចូរធ្វើទៅ នៅថ្ងៃណាមួយអ្នកនឹងរកឃើញហេតុផលតាមក្រោយក៏ថាបាន។

