“ធ្វើជាអ្នកចាប់ផ្តើមមុន”

M
mongthyda
បរមគ្រូខុង ជឺ (Confucius) ពោលថា “កុំបារម្ភពីអ្នកដទៃមិនសរសើរខ្លួន តែត្រូវបារម្ភថាតើខ្លួនត្រូវធ្វើយ៉ាងណាឱ្យមានប្រយោជន៍ដល់អ្នកដទៃ។ កុំបារម្ភពីអ្នកដទៃមិនយល់ពីខ្លួន តែត្រូវចេះបារម្ភពីខ្លួនដែលមិនយល់ពីអ្នកដទៃ”។

មនុស្សយើងតែងតែចង់ទទួលបានការសរសើរពីអ្នកដទៃមុន  តែភ្លេចគិតថាតើខ្លួនត្រូវធ្វើអ្វីខ្លះដើម្បីបានការសរសើរពីអ្នកដទៃ។ អ្នកខ្លះទៀត យល់តែពីអារម្មណ៍ខ្លួនឯង  តែពុំដែលបើកចិត្តទូលាយព្យាយាមស្វែងយល់ពីអ្នកដទៃឡើយ។  មនុស្សដែលអស្ចារ្យបំផុត គឺជាបុគ្គលដែលចេះសរសើរលើកទឹកចិត្តអ្នកដទៃមុន  ហើយថែមទាំងចេះយល់ពីអ្នកដទៃមុន មុនពេលទាមទារឱ្យអ្នកដទៃយល់ពីខ្លួនវិញ។  អាប្រាហាម លីនខុន (Abraham Lincoln) ពោលថា “គ្រប់គ្នាចូលចិត្តការសរសើរ”។  ការរិះគន់ខ្លះ គឺជាថ្នាំល្វីងដែលអាចព្យាបាលជំងឺបាន។

ការរិះគន់ក្នុងន័យស្ថាបនា គឺជាអាហាររបស់បណ្ឌិត តែការរិះគន់គ្មានការពិត គឺជាគំនិតរបស់មនុស្សពាល។ ការសរសើរលើកទឹកចិត្តអ្នកដទៃស្របតាមកាលៈទេសៈ គឺជាការផ្តល់សេចក្តីសុខដល់អ្នកដទៃ។ បើខ្លួនយើងចង់មានសេចក្តីសុខក្នុងជីវិត ជាដំបូងត្រូវជួយអ្នកដទៃឱ្យមានសេចក្តីសុខជាមុនសិន។ ទស្សនៈ “ឱ្យអ្នកដទៃក្លាយទៅជាអ្នកមានជាមុន” គឺជាទ្រឹស្តីរបស់បិតាកំណែទម្រង់សេដ្ឋកិច្ចចិន តេង សៀវពីង។ ជីវិតដែលរស់នៅដើម្បីតែខ្លួនឯង គឺជាជីវិតឯកោ តែជីវិតដែលរស់នៅដើម្បីអ្នកដទៃជាជីវិតមានន័យ។ ចូរកុំរស់នៅត្រឹមធ្វើជាមនុស្សជោគជ័យ តែត្រូវរៀនរស់ជាមនុស្សមានតម្លៃផង។ មនុស្សមានតម្លៃនឹងមានគ្រប់យ៉ាងក្នុងជីវិត តែមនុស្សដែលមានគ្រប់យ៉ាងក្នុងជីវិត មិនប្រាកដថាមានតម្លៃនោះទេ។

Don't be concerned about others not appreciating you. Be concerned about your not appreciating others. confucius.

Comments