បើយើងចេះគ្រប់គ្រាន់នឹងអ្វីដែលជីវិតមួយនេះផ្ដល់ឱ្យយើង យើងនឹងមានស្នាមញញឹមច្រើនជាងទុក្ខមិនខាន ព្រោះចិត្តយើងមិនបានជាប់ជំពាក់នឹងរបស់ក្រៅខ្លួនច្រើនពេកទេ។ ជីវិតមួយនេះផ្ដល់រឿងជាច្រើនមកឱ្យយើងតែបើយើងមិនចេះប្រើនោះចិត្តរបស់យើងនឹងជំពាក់ដែលស្រាយមិនចេញឡើយ។ ជីវិតបានឱ្យយើងនូវរឿងជាច្រើនដែលយើងដឹង ហើយយើងត្រូវតែចេះប្រើវាឱ្យល្អបំផុតតាមដែលអាចធ្វើបាន។ កុំបណ្ដោយឱ្យរបូតឱ្យសោះ ព្រោះយើងមិនអាចមានឱកាសច្រើនដងនោះទេ។
បើនៅញញឹមបានក៏ញញឹមឱ្យច្រើនហើយ បង្កើនក្ដីសុខសម្រាប់ខ្លួនឯង មិនមែនដើររកបន្ទុកសម្រាប់ខ្លួនឯងឡើយ។ ចង្កូតនៃជីវិតយើងជាអ្នកកាន់ ចង់ឱ្យជីវិតយើងបែបណា យើងជាអ្នកសម្រេចចិត្តមិនមែនអ្នកដទៃអាចសម្រេចចិត្តជំនួសអ្នកបានឡើយ។ តួសម្ដែងអាចជំនួសបាននៅពេលតួមួយមិនបានមកសម្តែង តែជីវិតមិនអាចរកអ្នកជំនួសបានទេ។ យើងអ្នកកាន់ចង្កូត យើងអ្នកកាច់តម្រង់ទិសដែលចង់ទៅ មានរឿងអីដែលយើងត្រូវទុកចង្កូតជីវិតខ្លួនឯងឱ្យគេកាច់នោះ? ជីវិតមួយនេះជារបស់យើង អ៊ីចឹងរៀនកាច់ចង្កូតដោយខ្លួនឯង បើខុសត្រូវចេះកែ បើមានបញ្ហាត្រូវប្រឈមមុខដោះស្រាយ បើមានឈឺចាប់ត្រូវចេះរកថ្នាំមកព្យាបាល។
នោះជីវិតមួយនេះនិងប្រសើរមិនខាន។ ស្នាមញញឹមនៃក្ដីសុខរបស់យើងនឹងមាននៅលើផ្ទៃមុខ ព្រោះយើងជាអ្នកបញ្ជាចង្កូតនៃជីវិររបស់ខ្លួនឯង។ កុំកំណាញ់ស្នាមញញឹមពេក ព្រោះញញឹមមិនអស់លុយទេ ហើយញញឹមកាន់តែច្រើន ជីវិតនឹងទទួលភាពវិជ្ជមានកាន់តែច្រើន។ យើងធ្វើអ្វីយើងនឹងទទួលបានផលរបស់យើង។ បើធ្វើល្អ ផលនឹងតបបែបល្អ តែបើធ្វើអាក្រក់ ផលនោះនឹងតបបែបអាក្រក់ត្រលប់មកវិញជាក់ជាមិនខាន។ ញញឹមទៅទាន់មានឱកាស ប្រយ័ត្នថ្ងៃណាមួយយើងនឹងស្ដាយថាហេតុអ្វីយើងកំណាញ់សូម្បីតែញញឹម។ 

