#កុំចាំខ្ចីស្មាគេផ្អែក

M
mongthyda
កុំបង្រៀនខ្លួនឯងឱ្យក្លាយជាមនុស្សដែលចាំតែផ្អែកស្មាលើគេ ព្រោះបើថ្ងៃណាមួយគ្មានគេ នោះយើងនឹងវេទនា។ យើងត្រូវចេះរស់នៅដោយយកខ្លួនជាទីពឹងផ្អែក ទើបវេលាក្រោយយើងមិនសូវនឿយចិត្ត ព្រោះហេតុពឹងរកគេមិនបាន។ តាំងពីតូចក្រូចឆ្មារមក យើងរស់ដោយពឹងលើកម្លាំងរបស់ឪពុកម្ដាយទាំងស្រុងក្នុងការចិញ្ចឹមបីបាច់រក្សា ទម្រាំដល់យើងធំដឹងក្ដី ដើរបាន រត់បាន ស្ដីបាន និងអាចធ្វើអ្វីៗដោយខ្លួនឯងបាន។ ប៉ុន្តែដល់ពេលយើងធំអាត្មា ពេញរូបពេញរាងកាលណា ពេលយើងចេញពីសង្គមគ្រួសារទៅចូលក្នុងសង្គមខាងក្រៅ យើងត្រូវរៀនរស់ដោយពឹងលើខ្លួនឯង។ 

ជាបុរសក្ដី ឬជាស្ត្រីក្ដី ប្រសិនបើក្នុងថ្ងៃអនាគតយើងបានជួបគូជីវិតល្អម្នាក់ នោះចាត់ទុកថាជាសំណាងរបស់យើងក្នុងជីវិតអាពាហ៍ពិពាហ៍ ប៉ុន្តែក្រៅពីដេកស្រមៃចង់បានមនុស្សល្អមករួមដំណើរជីវិតជាមួយ យើងត្រូវកសាងដុសខាត់ខ្លួនឯងឱ្យបានដើរក្នុងគន្លងជាមនុស្សល្អដូចជាមនុស្សដែលយើងចង់បាននៅក្នុងក្ដីស្រមៃរបស់យើងជាមុនសិន។ 

ថ្វីបើសម្ផស្សដ៏ផូរផង់របស់ស្ត្រីអាចទាក់ចិត្តបុរសឱ្យធ្លាក់ក្នុងសេចក្ដីស្នេហាលើរូបនាងបាន ប៉ុន្តែអ្វីដែលរក្សាវត្តមានបុរសនោះបានយូរអង្វែងនៅក្នុងជីវិតរបស់នាងគឺចរិយាសម្បត្ដិ ចរិតឫកពារ មារយាទ សមត្ថភាព ចំណេះដឹង ចិត្តគំនិតខាងក្នុងរបស់នាងឯណោះទៅវិញទេ។ ដ្បិតថាបុរសសង្ហា មានសេចក្ដីហានក្លាអង់អាច អាចទាក់ចិត្តនារីឱ្យលង់ស្រឡាញ់បាន ប៉ុន្តែអ្វីដែលធ្វើឱ្យនាងផ្ដល់ការគោរព កោតក្រែង និងមានភក្ដីភាពជាមួយគឺអត្តចរិតដ៏ស្ងប់ស្ងាត់របស់បុរសនោះទៅវិញទេ ហើយបុរសដែលអាចរក្សាភាពស្ងប់ស្ងៀម តែមានចិត្តមោះមុតក្លាហាន គឺមានតែបុរសអ្នកមានចំណេះដឹង ហើយស្រោបដោយគុណធម៌ខ្ពង់ខ្ពស់តែប៉ុណ្ណោះ។ 

Comments