នៅពេលដែលយើងនៅក្មេង យើងត្រូវបានបង្រៀនឱ្យរៀនចុះក្នុងចំណោមនឹងគេ ឱ្យស្លៀកពាក់ឯកសណ្ឋានដូចៗគ្នា ឱ្យយើងខិតខំយកពិន្ទុខ្ពស់ជាងមិត្តរួមថ្នាក់របស់យើង។ល។ រាល់ហេតុការណ៍ទាំងអស់នេះបានធ្វើឱ្យយើងខ្លាចការធ្វើអ្វីដែលផ្សេងពីអ្នកដទៃ ខ្លាចខុសពីអ្នកដទៃ។ យើងថែមទាំងខ្លាចក្នុងការធ្វើជាខ្លួនឯង ពីព្រោះបើយើងធ្វើជាខ្លួនឯង បណ្តោយតាមបេះដូងខ្លួនឯង និងការចង់បានតាមចិត្តខ្លួនឯង វានឹងធ្វើឱ្យយើងខុសពីអ្នកដទៃ។
ការធ្វើខុសពីគេគឺ ពិតជាគួរឱ្យភ័យខ្លាច ពីព្រោះក្រសែភ្នែកដែលសម្លឹងមកយើងគឺ ពោរពេញដោយការវាតម្លៃ។ គេប្រហែលជាគិតថា យើងជាមនុស្សជោរ ឬគិតអ្វីផ្សេងៗក្រោមរូបភាពដែលគេចង់គិត។
សំណួរសួរថា តើយើងចង់រស់នៅក្នុងស្រោមមុខ រហូតដល់ថ្ងៃស្លាប់ ឬក៏សុខចិត្តធ្វើខុសពីគេ ហើយរស់នៅជាជីវិតរបស់ខ្លួនឯង? ហេតុអ្វីយើងចាំបាច់អនុញ្ញាតឱ្យសម្តី ឬសកម្មភាពរបស់អ្នកដទៃ មានឥទ្ធិពលមកលើការសម្រេចចិត្តក្នុងការរស់នៅជាជីវិតរបស់យើង? អ្នកដទៃគ្រាន់តែជាអ្នកដទៃ ពេលខ្លះកុំយកចិត្តទុកដាក់ច្រើនពេក។

