#ស្មោះត្រង់ស៊ីមិនកើតទេ...!

M
mongthyda
“តើធ្វើជាមនុស្សស្មោះត្រង់បានអ្វីមកវិញ?” “ស្មោះត្រង់បានលុយចាយឬ?”
ទេ! ស្មោះត្រង់មិនបានចំណេញលុយទេ តែបានចំណេញទំនុកចិត្ត ហើយទំនុកចិត្តនេះ គឺមិនអាចទិញដូរនឹងលុយបានឡើយ។ អ្នកណាដែលមិនស្មោះត្រង់ ដែលមានចិត្តវៀចវេរមិនទៀង កិបកេងមុខក្រោយ ដើម្បីបានចំណេញប្រាក់កាសបន្ដិចបន្ដួចក្នុងពេលបច្ចុប្បន្ន អ្នកនោះនឹងខាតបង់អស់ទ្រព្យធន និងអ្វីៗមានតម្លៃជាច្រើននាកាលខាងមុខជាក់ជាមិនខាន។
អ្នករកស៊ីស្មោះត្រង់ ពេលខ្លះ អាចមើលទៅឃើញដូចជារីកចម្រើនទៅមុខមិនលឿនពិតមែន តែគេមានគ្រឹះរឹងមាំ គេយកបានការទុកចិត្តពីអតិថិជនរបស់ខ្លួន។ ភាពស្មោះត្រង់មើលមិនឃើញទេ តែវាហុចផលឱ្យយើងបានឃើញ។ ទំនុកចិត្តមិនពិបាកយកទេ ប៉ុន្តែវាមិនមែនត្រូវធ្វើឱ្យគេទុកចិត្តយើងត្រឹមពេលតែ១ថ្ងៃ ១ខែ ឬ១ឆ្នាំនោះទេ។ ទំនុកចិត្តត្រូវការសន្សំ ហើយត្រូវសន្សំចាប់ពីរឿងតូចតាចឡើងទៅ។
កុំសម្លឹងឃើញប្រាក់របស់អ្នកដទៃធំជាងគុណតម្លៃការងាររបស់អ្នក ព្រោះការធ្វើបែបនេះវាដូចជាការកាប់បន្លាស្រាស់ផ្លូវទ្វាររបងចូលផ្ទះខ្លួនឯងអ៊ីចឹង។ ការទទួលខុសត្រូវចំពោះការងារសព្វសារពើដែលខ្លួនត្រូវធ្វើ ភាពស្មោះត្រង់ដែលខ្លួនត្រូវមាន វាធ្វើឱ្យយើងមានអារម្មណ៍គប្បីចំពោះជីវិតខ្លួនឯង។
ទោះជាគ្មាននរណាដឹងថា យើងធ្វើអាក្រក់អ្វីខ្លះ តែទង្វើអាក្រក់របស់យើងនឹងតាមលងបន្លាចយើង សូម្បីតែក្នុងសុបិន ហើយម្យ៉ាងវិញទៀត ទោះបីគ្មាននរណាដឹងថាយើងបានធ្វើល្អបែបណាខ្លះក៏ដោយ តែសេចក្ដីល្អរបស់យើងនឹងធ្វើឱ្យយើងគេងលក់ស្កប់ស្កល់ ហើយរីករាយសូម្បីតែក្នុងសុបិនរបស់យើង។ មនុស្សជាច្រើនអាចនិយាយល្អបានដោយងាយ និយាយពីរោះផ្អែមរលួយបានជាប្រចាំ តែមិនងាយនឹងធ្វើល្អបានឱ្យដូចជាសម្ដីនិយាយនោះឡើយ។

Comments