ទោះបីពេលនេះ យើងកំពុងតែឈរត្រង់ទីតាំងណាវាមិនសំខាន់ទេ ព្រោះអ្វីដែលសំខាន់នោះគឺ តើយើងមានអារម្មណ៍ដូចម្ដេចនៅត្រង់ទីតាំងដែលយើងកំពុងឈរ។មនុស្សភាគច្រើនមិនដែលពេញចិត្តជាមួយលទ្ធផលជីវិតដែលខ្លួនខំប្រឹងប្រែងបានមកដោយលំបាកនោះទេ ព្រោះគេរវល់តែយកលទ្ធផលរបស់ខ្លួនទៅប្រៀបធៀបនឹងលទ្ធផលជីវិតរបស់អ្នកដទៃទៅវិញ។ ជួនកាល អ្នកដទៃលើសយើងតែបន្តិចប៉ុណ្ណោះ តែវាធ្វើឱ្យយើងមិនសប្បាយចិត្ត អន់ចិត្ត បន្ទោសខ្លួនឯង ហើយចំបែងចិត្ត រាប់ខែក៏មាន។
បើយើងចាប់ផ្តើមពីចំណុចលេខ០ ហើយពេលនេះ បានដើរមកដល់ចំណុចលេខ៧ យើងគួរតែមានអារម្មណ៍ពេញចិត្ត និងគប្បីជាមួយការប្រឹងប្រែងរបស់យើង ប៉ុន្តែ ខ្ញុំឃើញអ្នកខ្លះបានមើលរំលងចំណុចនេះ ហើយបែរជាកើតទុក្ខមិនសុខចិត្តនឹងលេខ៩ដែលអ្នកដទៃកំពុងឈរ ទាំងដែលការពិតទៅ អ្នកដទៃគេចេញដំណើរពីលេខ៦ មិនមែនពីលេខ០ដូចយើងផង។ ជីវិតអ្នកខ្លះកើតមក មានសំណាងដ្បិតមានឪពុកម្តាយ បងប្អូន ឬសាច់ញាតិ ជំរុញលើកទឹកចិត្ត ផ្ចុងផ្តើមទំនុកបម្រុង ត្រួសត្រាយផ្លូវ ជីវិតឱ្យរួចជាស្រេច។ ឯចំណែកអ្នកខ្លះទៀត កើតមកឥតសំណាង ក៏ប៉ះចំគ្រួសារមហាសែនយ៉ាប់។
ជីវភាពលំបាករកព្រឹកខ្វះល្ងាច ឪពុកប្រមឹក លេងល្បែង ប្រើអំពើហិង្សា គ្រួសារមិនស្គាល់ពីតម្លៃនៃចំណេះដឹង ឬការអប់រំ តែងបង្ខំ ដាក់សម្ពាធផ្លូវចិត្តឱ្យកូនបោះបង់ចោលសាលារៀន ហើយ ទៅចាប់កាន់ចប កាន់នង្គ័ល រនាស់ គោ ក្របី ធ្វើស្រែចម្ការ រកពេលផ្តោតលើការសិក្សាមិនបាន។ យូរៗទៅ គ្នាក៏ទម្លាក់ ចោលក្តីស្រមៃរបស់ខ្លួនដែលចង់រៀនសូតនោះចោល ហើយ ប្រើជីវិតក្រោមកម្តៅថ្ងៃធ្វើការដោយកម្លាំងរាប់ឆ្នាំក៏មាន។ ប៉ុន្តែអ្នកខ្លះទៀត ទោះបីជីវិតត្រូវលំបាកប៉ុណ្ណេះ ឬលើសនេះទ្វេដង ក៏នៅមានការតាំងចិត្តមុតមាំ ហែលឆ្លងពុះពារ ស្រវារកវិជ្ជា ក្រេបយកចំណេះ សាងចរិតមារយាទថ្លៃថ្នូរ ដែលសង្គមឱ្យតម្លៃ ច្នៃខ្លួនជាគ្រាប់ពេជ្រដ៏មានតម្លៃដែល អ្នកដទៃស្រមៃចង់បាន។

