មានពេលខ្លះ រឿងដែលយើងអាចធ្វើបាន វាអាចមិនមែនជារឿងអស្ចារ្យទេក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នា តែត្រឹមតែមាននរណាម្នាក់មានអារម្មណ៍ប្រសើរឡើងតាមរយៈទង្វើល្អរបស់យើង ក៏វាអាចធ្វើឱ្យយើងចាប់ផ្ដើមមើលឃើញពីតម្លៃនៃជីវិតរបស់ខ្លួនបានដែរ។ នៅក្នុងកាលៈទេសៈដែលយើងគិតថាលែងចង់រស់នៅបន្តទៀត តាមពិតវាគឺជាពេលវេលាមួយដែលយើងបានរកឃើញថាជីវិតយើងមានន័យបំផុតបន្ទាប់ពីឆ្លងកាត់ដំណាក់កាលនោះ។ ចិត្តដ៏តូចចង្អៀតរបស់មនុស្សយើង តែងគិតថាខ្លួនយើងគ្មានសេចក្ដីសុខ គ្មានសុភមង្គលគ្មានភាពកក់ក្ដៅ តែចិត្តដ៏ធំទូលាយរបស់យើងតែងតែគិតថា យើងមានអ្វីៗជាច្រើនដែលអាចផ្ដល់ឱ្យទៅមនុស្សដទៃដែលកំពុងខ្វះខាតជាងយើង។ មានមនុស្សលំបាកៗជាច្រើនដែលយើងត្រូវសម្លឹងមើលពួកគេដោយកែវភ្នែកដែលស្រោបដណ្ដប់ក្ដីស្រឡាញ់ និងក្ដីមេត្តាជ្រាលជ្រៅ។
ចេតនានៃចិត្តរបស់យើងដែលមានលើអ្នកដទៃ វាជាអ្នកកំណត់ពីសុភមង្គលក្នុងជីវិតខ្លួនឯងផ្ទាល់។ ប្រសិនបើយើងយកពេលឈឺចាប់របស់យើងមកធ្វើអ្វីម្យ៉ាងដើម្បីអ្នកដទៃ យកឱកាសនៃការរស់នៅដើម្បីបម្រើដល់អ្នកផ្សេង នោះយើងនឹងចាប់ផ្ដើមស្គាល់ពីតម្លៃរបស់ខ្លួនឯង។ ការពិត យើងមិនមែនគ្រាន់តែរស់នៅដើម្បីត្រូវការទេ ប៉ុន្តែយើងរស់នៅបាន ព្រោះយើងមានអារម្មណ៍ស្កប់ស្កល់នឹងអ្វីដែលយើងមាន ហើយលើសពីនេះគឺយើងមានអារម្មណ៍ថា យើងមានបរិបូណ៌ថែមទៀតផង។ អ្វីម្យ៉ាងដែលធ្វើឱ្យយើងទទួលបានអារម្មណ៍បែបនោះគឺក្ដីស្រឡាញ់។

