ចិត្តដែលស្រឡាញ់ បើឃើញស្អាតក៏ថាស្អាត ហើយបើឃើញមិនស្អាត ក៏នៅតែថាស្អាត។ កម្រិតចិត្តស្រឡាញ់កាន់តែខ្លាំង អាក្រក់ល្អ ក៏នៅតែស្រឡាញ់ ស្រឡាញ់មិនប្រែប្រួលឡើយ។ ខួរក្បាលមានតួនាទីជាអ្នកវែកញែកល្អអាក្រក់ត្រូវខុស ក៏ចោទចិត្តស្រឡាញ់ថា “ងងឹតងងល់” តែចិត្តស្រឡាញ់សារភាពថា “សភាពធម្មជាតិ ឬសច្ចភាពរបស់ខ្ញុំ គឺអ៊ីចឹងឯង”។ ពិភពលោកយើងនេះ បើប្រើតែចំណេះដឹងសុទ្ធសាធ ខ្វះមនោសញ្ចេតនា ហាក់បីដូចជាសោះកក្រោះ តែបើមិនប្រើចំណេះដឹងសោះ មនុស្សគ្មានវិជ្ជា គឺប្រាកដជាផែនដីមិនវិលតាមគន្លង រដូវកាលប្រែប្រួលមិនទៀង ធម្មជាតិរលត់រលាយ គ្មានសណ្តាប់ធ្នាប់ ការរស់នៅកាប់សម្លាប់គ្នា ពោលគឺមិនដឹងខុសមិនដឹងត្រូវ ឃ្លាតឆ្ងាយពីចំណេះដឹង។ រៀនឱ្យចេះដឹងជ្រៅជ្រះ (ខួរក្បាល) ហ្វឹកហាត់ចិត្តឱ្យមានមេត្តាករុណាធម៌ជ្រាលជ្រៅ (ចិត្តល្អ) ហើយប្រើសតិជាអ្នកឃ្លាំមើលចំណេះដឹងនិងចិត្ត ដ្បិតក្រែងវាដើរវង្វេងផ្លូវត្រឹមត្រូវ។

