ក្នុងលក្ខខណ្ឌយើងគ្មានចំណេះ គឺត្រូវរកវិធីស្រូបចំណេះ។ ក្នុងលក្ខខណ្ឌដែលយើងមានចំណេះហើយ គឺត្រូវរកវិធីធ្វើឱ្យកើតកាលវាលគុម្ព។ ចេះដើម្បីធ្វើ តែមិនមែនចេះដើម្បីជជែកបែបឈ្លោះឡើយ។ បណ្តាំក្រមង៉ុយសម្រាប់អ្នកជំនាន់ក្រោយ គឺ “ចេះខ្ពើមពាក្យឈ្លោះ”។ បំណង គឺដើរតម្រង់ទៅរកគោលដៅ តែមិនមែនដើរដើម្បីគប់ឆ្កែព្រុសតាមផ្លូវទេ។ ក្នុងជីវិតរស់នៅជាក់ស្តែង យើងពិបាកនឹងពន្យល់មនុស្សដែលធ្វើពើមិនចង់យល់ ប្រៀបដូចជាយើងពិបាកដាស់មនុស្សដែលសម្តែងធ្វើដេកលក់។
ចូរធ្វើខ្លួនឱ្យដូចជាព្រះអាទិត្យ ដល់ពេល ក៏រះឡើង ហើយដល់ពេល ក៏លិចចុះវិញ ដោយឥតខ្វល់ខ្វាយនឹងថា “តើថ្ងៃនេះមានពពកចេញមកបាំងពន្លឺអាត្មាអញទេ?” ឬបើថា “ពពកបាំង ឬមិនបាំង ក៏ពុំសំខាន់ដូចដំណើរគោចររបស់អាត្មាអញដែរ ដ្បិតបើពពកមកបាំងពន្លឺអាត្មាអញ ក៏អាត្មាអញនៅតែរះគោចរ ឬបើពពកមិនបានបិទបាំងអាត្មាអញ ក៏អាត្មាអញនៅតែគោចរដដែល។ ដំណើរអាត្មាអញ គឺមិនពាក់ព័ន្ធនឹងអ្នកណាទាំងអស់។ អាត្មាអញទៅ ក៏ព្រោះត្រូវទៅ ហើយអាត្មាអញលិចវិញ ក៏ព្រោះត្រូវលិច។ ពពកមិនអាចមកកំណត់ដំណើរគោចរអាត្មាអញបានឡើយ”។
នេះជាធម៌សច្ចៈដែលកំណត់ពីខន្តីអ្នកចេះដឹង។ នេះជាធម៌សច្ចៈក្នុងលទ្ធិព្រាហ្មណ៍ដែលកំណត់អំពីកិច្ចដែលត្រូវតែធ្វើ។ ទោះមាន់រងាវ ឬមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះ។ ទោះអ្នកណាចូលចិត្ត ឬក៏មិនចូលចិត្ត ក៏កិច្ចការដែលត្រូវធ្វើ គឺត្រូវតែធ្វើ។ ក្នុងកិច្ចការងារទាំងពួងក្នុងជីវិត បើចិត្តចេះអត់ធ្មត់ហើយ ចិត្តមានឧបេក្ខាហើយ ចិត្តពាល់សច្ចៈហើយ ទោះមានខ្មោចព្រាយបិសាចចង់រុកកួន ក៏មិនអាចទម្លុះចិត្តដែលមានរនាំងសច្ចធម៌បានឡើយ។
គតិជូនចំពោះផ្កា រុក្ខ ព្រៃព្រឹក្សាទាំងឡាយ គឺថា “ព្រះអាទិត្យរះជានិច្ច តែអ្នកចេញមកទទួលយកពន្លឺ ឬមិនចេញ វាជារឿងអ្នក”។ ចូរអ្នកចាំចុះថា “ឱ! ធម្មជាតិទាំងឡាយអើយ អ្នកអាចយល់ច្រឡំថាខ្ញុំរះដើម្បីអ្នក ឬមិនរះដើម្បីអ្នក តែមិនអ៊ីចឹងឡើយ។ ខ្ញុំរះ ព្រោះខ្ញុំត្រូវតែរះ ហើយខ្ញុំលិចវិញ ក៏ព្រោះតែខ្ញុំត្រូវលិចវិញដែរ ហើយស្អែកខ្ញុំរះម្តងទៀត ឬមិនរះម្តងទៀត ក៏មិនព្រោះដោយសារតែពាក្យជេរ ឌឺដង ចាក់ដោត កាច់មួល ឬពាក្យពីរោះ ពាក្យសរសើររបស់អ្នកណាឡើយ”។ ប្រឹងប្រែង រកឱកាសធ្វើការងារជាក់ស្តែង។

