បេះដូងរបស់នាងគឺជាបេះដូងស្មោះត្រង់ ដួងចិត្តថ្លាឆ្វង់បរិសុទ្ធ ឥតងាករេ តែដំណើរនៃជីវិតស្នេហា វាបានធ្វើឱ្យបេះដូងនាងច្រៀកជាចម្រៀកតូចៗដោយពុំដឹងថាត្រូវផ្គុំជាប់គ្នាវិញរបៀបណា។ នាងជាមនុស្សមានគូច្រើន ដ្បិតចរិតរបស់នាងអាចសម្របខ្លួនរស់នៅនឹងបុរសគ្រប់ប្រភេទបាន តែបេះដូងនាងនៅតែមិនអាចដាក់បុរសណាម្នាក់ជំនួសអ្នកបានឡើយ។
តើនាងជានរណា?។ នាងគឺ "ភាពស្មោះត្រង់"។ នាងសុខចិត្តជ្រើសរើសយកការឈឺចាប់ធ្វើជាមិត្តស្និទ្ធស្នាលរស់នៅជាមួយភាពស្ងៀមស្ងាត់ និងយកតំណក់ទឹកភ្នែកធ្វើជាទីប្រឹក្សា។ ពេលណានាងឈឺចាប់ខ្លាំងរហូតដល់ទ្រាំមិនបានគឺតំណក់ទឹកភ្នែកដែលមានរសជាតិប្រៃដូចសមុទ្រនឹងចេញមកលួងលោមប្រលោមអារម្មណ៍របស់នាងឲ្យធូរស្រាលបណ្ដោះអាសន្នអន់មួយគ្រា។
ខ្ញុំយល់អារម្មណ៍មនោសញ្ចេតនាដ៏ជ្រាលជ្រៅដែលមាននៅក្នុងបេះដូងរបស់នាង តែខ្ញុំជួយនាងមិនបានទេ ដ្បិតការឈឺចាប់វាត្រូវការពេលវេលាព្យាបាល។ ទឹកល្អក់ត្រូវការពេលវេលាដើម្បីឱ្យថ្លាវិញ រីឯការឈឺចាប់របស់នាងក៏ត្រូវការពេលវេលាដូចគ្នាដែរ។ ខ្ញុំចង់នៅក្បែរនាងគ្រប់ពេលវេលា តែនាងគ្មានអារម្មណ៍ចង់មកនៅក្បែរខ្ញុំទេ។ ខ្ញុំចង់លួងលោមនាងរាល់ពេលណាដែលនាងមិនសប្បាយចិត្ត តែនាងគ្មានស្នាមញញឹម និងភាពរឹងមាំមកអង្គុយក្បែរខ្ញុំឡើយ។ តើខ្ញុំគឺជានរណា? ខ្ញុំគឺជា "សៀវភៅ"។

