ហេតុអ្វីកើតជាមនុស្សស្រី តែត្រូវបារម្ភថានឹងគ្មាននរណាយកធ្វើជាប្រពន្ធ? យើងកើតមកដើម្បីតែក្លាយជាប្រពន្ធរបស់គេឬ? នៅម្នាក់ឯង នៅខ្លួនមួយ ឬនៅពេលដែលមិនទាន់បានរកឃើញមនុស្សដែលខ្លួនស្រឡាញ់ និងមនុស្សដែលស្រឡាញ់យើងវិញ (មនុស្សដែលមានគោលគំនិតស្របត្រសងគ្នា អាចរស់ចុះសម្រុងគ្នាបាន) បែបនេះយើងគួរតែគិតថា វាជាឱកាសដែលយើងអាចដើរតាមក្ដីស្រមៃរបស់យើង ធ្វើរឿងដែលយើងស្រឡាញ់ពេញចិត្ត រៀនរស់នៅដោយស្រឡាញ់ខ្លួនឯង ពង្រឹងសមត្ថភាពរបស់យើងឱ្យបានពូកែ ថែសុខភាពរបស់យើងឱ្យល្អរឹងមាំ ស្គាល់សង្គម និងចូលរួមសកម្មភាពមានប្រយោជន៍ដែលរួមចំណែកឱ្យការរស់នៅសម្រាប់ខ្លួនឯងផង និងអ្នកដទៃផង។ បែបនេះ តើវាមិនល្អទេឬ?
មនុស្សស្រីខ្លះគិតថា យកប្ដីព្រោះចង់ឱ្យប្ដីនោះរកស៊ីចិញ្ចឹម។ ចុះយើងមិនដែលសួរខ្លួនឯងទេឬ? បើយើងជាមនុស្សស្រីដែលមានដៃពីរ ជើងពីរ ភ្នែកពីរ មាត់មួយ ខួរក្បាលមួយដូចតែមនុស្សប្រុសដែរនេះ ពុំអាចមានសមត្ថភាពរកស៊ីចិញ្ចឹមខ្លួនឯងរស់ទេឬយ៉ាងម៉េច? សម័យនេះទៅហើយ នៅតែគិតថាយកប្ដីដើម្បីឱ្យប្ដីចិញ្ចឹមទៀត បែបនេះគឺជាគំនិតដ៏ប្រថុយប្រថានខ្លាំងណាស់។ មនុស្សប្រុសដែលមានសមត្ថភាព ឬស័ក្ដិសមជាស្វាមីល្អនាថ្ងៃអនាគត គេនឹងមិនទៅរៀបការនឹងមនុស្សស្រីដែលរស់ចាំគេចិញ្ចឹមថែទាំនោះទេ។ តើវាមិនល្អទេឬ ប្រសិនបើគេរៀបការនឹងមនុស្សស្រីដែលមានចំណេះដឹង មានសមត្ថភាពអាចជួយផ្ដល់យោបល់ ឬពិភាក្សាគ្នាលើកិច្ចការងារសំខាន់ៗជាច្រើននោះ? តើវាមិនល្អទេឬ បើគេរៀបការជាមួយនឹងមនុស្សស្រីដែលអាចក្លាយជាម្ដាយដ៏ពោពេញដោយសមត្ថភាពសម្រាប់កូនៗរបស់គេ?

