វាមិនសំខាន់ថា យើងបានពោលពាក្យ “ស្រឡាញ់” ប៉ុន្មានលានដងទៅកាន់មនុស្សដែលយើងស្រឡាញ់នោះទេ តែវាសំខាន់ថា តើមានប៉ុន្មានដងដែលយើងបានធ្វើទង្វើដែលបង្ហាញពីក្ដីស្រឡាញ់ពិតប្រាកដរបស់យើង ចំពោះមនុស្សដែលយើងស្រឡាញ់? វាមិនសំខាន់ចំពោះពាក្យសន្យារបស់យើង ថាយើងនឹងស្រឡាញ់គេខ្លាំងប៉ុនណា ច្រើនប៉ុនណា យូរប៉ុនណា និងស្រឡាញ់ដោយរបៀបណាខ្លះនោះទេ តែវាសំខាន់ថា ទង្វើយើងបានបង្ហាញចំពោះគេបែបណា បានធ្វើដាក់គេបែបណាជាប្រចាំ។ វាមិនសំខាន់ថា នៅថ្ងៃខួបកំណើត យើងមានរបស់ល្អៗ របស់មានតម្លៃអស្ចារ្យមកជូនមនុស្សដែលយើងស្រឡាញ់នោះទេ តែវាសំខាន់ត្រង់ថា តើយើងបានធ្វើឱ្យមនុស្សដែលខ្លួនស្រឡាញ់ទទួលបានអារម្មណ៍បែបណានៅថ្ងៃផ្សេងៗទៀត សូម្បីតែយើងមិនមានរបស់ល្អៗទាំងនោះជូនគេ។
អំណោយ ឬជំនូនដ៏តមានតម្លៃសម្រាប់មនុស្សជាទីស្រឡាញ់ គឺក្ដីស្រឡាញ់ដែលយើងបានបង្ហាញចេញតាមរយៈការយកចិត្តទុកដាក់របស់យើង ភាពស្មោះត្រង់របស់យើង។ ការដែលយើងតែងធ្វើឱ្យមនុស្សដែលខ្លួនស្រឡាញ់ទទួលបានអារម្មណ៍កក់ក្ដៅ មានស្នាមញញឹម និងការដែលធ្វើឱ្យគេមានអារម្មណ៍ថា គេតែងតែទទួលបានការជ្រោមជ្រែង លើកទឹកចិត្ត ការគោរព ផ្ដល់តម្លៃ និងភាពស្មោះត្រង់ពិតប្រាកដ គឺរឿងទាំងអស់នេះហើយ ដែលវាមិនអាចរលាយសាបសូន្យទៅដោយពេលវេលា។ អ្វីដែលមានតម្លៃបំផុតគឺជាអ្វីដែលប្រាក់ទិញមិនបាន រាប់មិនបាន ប៉ះមិនបាន មើលមិនឃើញ តែអាចទទួលបានតាមរយៈអារម្មណ៍ដឹងខាងក្នុងចិត្ត។ ក្ដីស្រឡាញ់មិនមែនគ្រាន់តែជាពាក្យសន្យាដែលថា “បងនឹងចូលស្ដីដណ្ដឹងអូននៅពេលណាមួយ ហើយយើងនឹងរៀបការជាមួយគ្នានៅថ្ងៃណានោះទេ ប៉ុន្តែគឺការដែលធ្វើឱ្យមនុស្សដែលយើងស្រឡាញ់មានអារម្មណ៍ថាខ្លួនទទួលបានសុវត្ថិភាពផ្លូវចិត្តគ្រប់គ្រាន់”។

