#ថ្ងៃទទួលពាក្យបដិសេធ

M
mongthyda
មួយជីវិតនេះយើងនឹងឆ្លងកាត់ថ្ងៃដែលត្រូវបាននរណាម្នាក់បដិសេធយើង យ៉ាងហោចណាស់ក៏មានម្ដងដែរដែលយើងបានឆ្លងកាត់។ ប៉ុន្តែបើជាក់ស្ដែងគឺវាមានច្រើនដងណាស់ ហើយសម្រាប់ខ្ញុំការដែលត្រូវបានគេបដិសេធវាមានរហូតរាប់ភ្លេច។ ពេលវេលាមួយដែលយើងទទួលបានចម្លើយបដិសេធ វាជាពេលវេលាដែលពិបាកទទួលយក មិនថាចំពោះរឿងការងារ រឿងទំនាក់ទំនង រឿងស្នេហា ឬក៏រឿងអ្វីក៏ដោយ សូម្បីតែរឿងតូចតាចក្ដី។ ប៉ុន្តែកន្លងមកនេះខ្ញុំរៀនបានច្រើនណាស់។
រាល់លើកដែលខ្ញុំទទួលបានចម្លើយបដិសេធ ខ្ញុំប្រាប់ខ្លួនឯងថា «ចូរធ្វើជាមនុស្សដែលហ៊ានទទួលយកការបដិសេធ ហើយបន្តដំណើរទៅមុខទៀត!»។ រឿងណាដែលយើងធ្វើរួចទៅហើយ តែពុំបានលទ្ធផលគាប់ប្រសើរ ឬសមក្របកបតាមក្ដីបំណងរបស់យើងទេ វាច្បាស់ជាក្លាយទៅជាអ្នកដែលជួយត្រួសត្រាយផ្លូវផ្សេងឱ្យយើង។ ការទទួលរឿងសមបំណងនរណាក៏ចង់បានដែរ ប៉ុន្តែបើយើងនៅតែអាចដើរទៅមុខបានដោយញញឹម ទោះជាខកបំណងច្រើនដង នោះវានឹងបង្ហាញឱ្យឃើញថាយើងជាមនុស្សមានភាពអត់ធ្មត់ និងក្ដីអំណត់ពិតប្រាកដ ហើយមនុស្សបែបនេះគឺស័ក្ដិសមនឹងទទួលបានអ្វីដែលល្អជាងនេះ។
ពេញមួយជីវិតនេះ វាមិនមែនមានតែពេលវេលាដែលយើងត្រូវបានគេបដិសេធនោះទេ ប៉ុន្តែយើងក៏នឹងបានឆ្លងកាត់ពេលវេលាមួយដែលយើងត្រូវក្លាយជាអ្នកឆ្លើយបដិសេធវិញម្ដង ហើយពេលនោះយើងច្បាស់ជានឹងបានយល់ច្បាស់មិនខាន។ នៅពេលយើងគ្មានឯករាជ្យភាពគ្រប់គ្រាន់ យើងនឹងឆ្លើយយល់ព្រមស្ទើរតែគ្រប់សំណើ ប៉ុន្តែពេលយើងក្លាហានក្នុងការបដិសេធនូវសំណើខ្លះចោល យើងនឹងមានអារម្មណ៍ថាធូរស្បើយ។ ទំនួលខុសត្រូវរបស់យើងមិនមែនកើតមកដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នារីករាយដោយសារយើងទេ ប៉ុន្តែយើងត្រូវដឹងថាពួកគេពិតជាអាចរីករាយដោយគ្មានយើងបាន។ ដូច្នេះត្រូវហ៊ាននិយាយបដិសេធ ហើយក៏ត្រូវហ៊ានទទួលយការបដិសេធដូចគ្នា និងបន្តការរស់នៅដោយធ្វើរឿងត្រឹមត្រូវសមគួរនឹងធ្វើតទៅទៀត។

Comments