ពេលយើងមានអាយុកាន់តែច្រើន ទើបម្នាក់ៗចេះនឹកស្ដាយអតីតកាលដែលកន្លងហួស។ នឹកគ្រាកុមារភាព នឹកអនុស្សាវរីយ៍កន្លងផុតទៅ ដែលមិនអាចត្រឡប់មកវិញបាន។ ពេលយើងបែកគ្នា ទើបយើងអាចយល់ថាពេលវេលាដែលបាននៅក្បែរគ្នានោះ វាសំខាន់ប៉ុនណា។ ពេលដែលយើងមករស់នៅទីក្រុង ទើបយើងនឹកថាជីវិតនៅស្រុកស្រែ ដែលយើងធ្លាប់រស់នៅពីមុននោះ វាមានន័យប៉ុនណាសម្រាប់យើង។ ទីនោះជាកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ មានបន្លែធម្មជាតិសម្រាប់ធ្វើម្ហូបអាហារ មានការរាប់អានរាក់ទាក់ និងចេះជួយគ្នាទៅវិញទៅមក។
កាលពីនៅក្មេង យើងមិនដែលយល់ថាជីវិតខ្លួនឯងធ្លាប់បានឆ្លងកាត់សុភមង្គលនោះទេ។ កាលនោះ យើងត្រឹមតែចង់ក្លាយជាមនុស្សម្នាក់ដែលធំពេញវ័យ អាចមានសិទ្ធសេរីភាពដើរហើរតាមអំពើចិត្ត អាចធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ។ យើងមិនដឹងអ្វីទាំងអស់ យើងគ្រាន់តែមើលឃើញថា ជីវិតជាមនុស្សធំពេញវ័យ មើលទៅសប្បាយណាស់ ហើយយើងចង់ក្លាយជាមនុស្សធំដូចពួកគេឲ្យបានឆាប់ៗទៀតផង។ ប៉ុន្ដែពេលដែលក្លាយជាមនុស្សពេញវ័យដូចសព្វថ្ងៃ ទើបយើងយល់ថា ជីវិតកាន់តែនៅសល់ខ្លីដើម្បីធ្វើរឿងដែលខ្លួនឯងមិនទាន់បានធ្វើនៅឡើយ។ យើងមិនទាន់បានធ្វើអ្វីល្អៗបានច្រើនទេ.....

