បើគេមើលងាយយើង តើហេតុអ្វីយើងត្រូវទៅខាតពេលជេរដៀលគេធ្វើអី? យកពេលមកប្រឹងប្រែង ហើយធ្វើឱ្យចេញលទ្ធផលពិតមក ព្រោះលទ្ធផលនោះហើយ ជាចម្លើយដែលយើងអាចឆ្លើយតបទៅអ្នកដែលមើលងាយយើងនោះវិញនៅពេលណាមួយ។
បើគេនិយាយអាក្រក់ពីយើង ចោទយើងថាជាមនុស្សអាក្រក់ តើវាមានប្រយោជន៍អ្វីដែលយើងត្រូវទៅតវ៉ា មិនសុខចិត្តនឹងពាក្យគេចោទនោះ? បើយើងជាមនុស្សត្រឹមត្រូវ ជាមនុស្សល្អ ជាមនុស្សដែលមិនអាក្រក់ដូចពាក្យគេចោទ ហេតុនេះគឺត្រូវបន្តធ្វើអ្វីដែលត្រឹមត្រូវនោះតទៅទៀត ព្រោះចុងក្រោយ ពេលវេលានឹងបកស្រាយ លទ្ធផលនឹងបង្ហាញប្រាប់។ ពេលវេលាខ្លីណាស់ដើម្បីរស់នៅ ពេលខ្លះយើងគ្មានពេលចេញទៅចួបមនុស្សជាទីស្រឡាញ់ដើម្បីរំលឹករឿងសប្បាយៗជាមួយគ្នាផង ចុះហេតុអ្វីត្រូវបង្ខាតវាទៅឈឺចាប់នឹងខ្យល់មាត់របស់អ្នកដទៃទៅវិញ?
គ្មាននរណាម្នាក់ដែលក្លាយជាមនុស្សថ្លៃថ្នូរដោយគ្រាន់តែដើរនិយាយអាក្រក់ពីអ្នកដទៃ បង្កាច់បង្ខូចអ្នកដទៃនោះទេ។ គ្មានមនុស្សអស្ចារ្យឯណាដែលដើរនិយាយថាអ្នកដទៃអន់ជាងខ្លួននោះទេ។ បើមានពេលវេលាទំនេរច្រើន គឺត្រូវតែមកពិនិត្យមើលចំណុចអន់ៗរបស់ខ្លួន ហើយរកវិធីកែប្រែធ្វើឱ្យវាប្រសើរ នោះទើបជារឿងគួរធ្វើ។

