#ទម្រាំតែមកដល់ថ្ងៃនេះ

M
mongthyda
ថ្ងៃនេះមិនមែនជាថ្ងៃដ៏ប្រសើរបំផុតនោះទេ តែវាជាថ្ងៃមួយដែលធ្វើឱ្យយើងបានដឹងថា ទម្រាំតែអាចមានជីវិតរស់មកដល់វិនាទីនេះ យើងបានតស៊ូជាមួយការឈឺចាប់រាប់ថ្ងៃមកហើយ។ ជីវិតលាយឡំដោយរសជាតិច្រើនយ៉ាង ប៉ុន្តែវាពិតជាល្អខ្លាំងណាស់។ មានរសជាតិខ្លះយើង មិនចង់សាកភ្លក្សទេ ព្រោះយើងមិនចូលចិត្ត។ ប៉ុន្តែនៅទីបំផុត យើងនៅតែបានសាកភ្លក្សវាដដែល ហើយថែមទាំងអាចទទួលយកបានទៀតផង។ ឥឡូវនេះវាក៏បានក្លាយជារសជាតិដ៏អស្ចារ្យ ដែលជីវិតយើងត្រូវការដោយខ្វះមិនបាន។
នៅលើវិថីជីវិតដែលយើងកំពុងតែបោះជំហានដើរ វាមានរឿងច្រើនខ្លាំងណាស់ដែលបានកើតឡើង កំពុងកើតឡើង និងរឿងដែលត្រូវចួបប្រទះនៅពេលខាងមុខ។ ប៉ុន្តែ រឿងទាំងអស់នោះ នឹងផ្ដល់ឱ្យយើងវិញនូវមេរៀនល្អៗជាច្រើនដើម្បីឱ្យយើងបន្តជីវិតរស់នៅ។ វាជារង្វាន់ដ៏អស្ចារ្យ ដែលជីវិតបានទទួលពីឧបសគ្គ ការខំប្រឹងប្រែង ការតស៊ូអត់ទ្រាំរបស់យើងកន្លងមក។ ពេលខ្លះយើងឈឺចាប់ ទន់ជ្រាយ ហត់នឿយ ស្មុគស្មាញ ខ្វះជំនួយ ខ្វះការអត់ធ្មត់ ខឹងច្រឡោត ច្របូកច្របល់ ភ័យខ្លាច ប៉ុន្តែទីបំផុតយើងនៅតែអាចអត់ទ្រាំបាន និងយល់ព្រមអនុញ្ញាតឱ្យខ្លួនឯងអាចរស់នៅក្នុងថ្ងៃថ្មីបន្តទៀត។
មានរឿងច្រើនណាស់នៅក្នុងជីវិតដែលវាកន្លងហួសទៅទាំងដែលយើងមិនអាចកែប្រែអ្វីបានសោះ។ មានរឿងខ្លះកាន់តែព្យាយាមចង់កែប្រែ វាកាន់តែអាក្រក់ កាន់តែខាតពេលឥតប្រយោជន៍។ ថ្ងៃម្សិលមិញមិនអាចត្រលប់មកវិញបានទេ ប៉ុន្តែថ្ងៃនេះវាជាថ្ងៃដែលយើងស្រមៃចង់បានកាលម្សិលមិញ។ ដូច្នេះហើយ អ្វីដែលយើងត្រូវធ្វើនៅថ្ងៃនេះ គឺញញឹមរីករាយដើម្បីស្វាគមន៍ទទួលយកថ្ងៃថ្មី។ នរណាទៅដឹងថាថ្ងៃនេះនឹងមានរឿងអ្វីខ្លះកើតឡើងទៀត ប៉ុន្តែបើមានឱកាសដើម្បីរង់ចាំមើលរឿងផ្សេងទៀតចូលមកដល់ ក្នុងថ្ងៃនេះ ឬថ្ងៃបន្ទាប់ក៏ចាត់ថាជាសំណាងធំបំផុតហើយ។

Comments