#បើថ្ងៃនេះយើងលំបាក...🍀

M
mongthyda
ថ្ងៃណាមួយយើងនឹងនឹកអរគុណចំពោះថ្ងៃនេះ។ បើថ្ងៃនេះវាពិបាក គឺគ្មាននរណាដែលចង់នៅត្រាំត្រែងក្នុងស្ថានភាពលំបាកវេទនានេះទេ ប៉ុន្តែនៅពេលមួយដែលយើងអាចឆ្លងផុតបានដោយជោគជ័យ យើងនឹងអរគុណថ្ងៃនេះដោយអស់ពីចិត្ត នោះក៏ព្រោះតែស្ថានភាពលំបាកអស់ទាំងហ្នឹងហើយ ដែលធ្វើឲ្យយើងស្គាល់ពីតម្លៃនៃស្នាមញញឹម និងក្ដីសុខបន្ដិចបន្ដួចនៅពេលណាមួយ គឺវាហ្នឹងហើយដែលធ្វើឲ្យយើងស្គាល់តម្លៃនៃការសម្រេចបានអ្វីមួយ។ ជោគជ័យដ៏ធំបំផុតរបស់យើងគឺយើងមិនដែលបោះបង់រាល់ពេលដែលខ្លួនឯងបរាជ័យ។ សុភមង្គលដ៏ពិតប្រាកដរបស់យើងគឺយើងពេញចិត្តចំពោះអ្វីដែលយើងកំពុងមាន។ បើយកបានជោគជ័យលើអ្វីមួយហើយ បែរជាមិនពេញចិត្តចំពោះវាទេ តើឯណាទៅដែលជាសុភង្គល? 

គ្រប់ដំណាក់កាលនៃជីវិតគឺលំបាក ប៉ុន្តែវាមិនលំបាករហូតឡើយ។ ភាពសមបំណងក្នុងជីវិតត្រូវដើរទៅទន្ទឹមគ្នានឹងភាពខកបំណងដោយចៀសមិនផុតនោះទេ។ ថ្ងៃស្អែកនឹងនៅតែមានរហូត ប៉ុន្តែយើងក៏មិនមែនត្រូវនៅទីនេះរហូតដើម្បីរង់ចាំថ្ងៃស្អែកមកដល់នោះទេ។ ថ្ងៃដែលយើងនៅមានដង្ហើមគឺជាថ្ងៃដែលយើងប្រឹងដោយក្ដីសង្ឃឹម និងចិត្តអំណត់។ ថ្ងៃដែលយើងល្វើយហត់ក៏ជាថ្ងៃដែលយើងត្រូវអត់ធ្មត់ខ្លាំង។ ថ្ងៃណាក៏ជាថ្ងៃដែលយើងត្រូវប្រឈមមុខជាមួយនឹងស្ថានភាពប្រែប្រួលក្នុងជីវិតដែរ។ ដូច្នេះភាពភ័យខ្លាចវាមិនមែនជាអាវុធដើម្បីប្រើជាមួយស្ថានភាពប្រែប្រួលទេ ប៉ុន្តែគឺចិត្តនឹងធឹងរបស់យើងឯណេះទៅវិញទេ ដែលអាចទប់ទល់ជាមួយស្ថានភាពប្រែប្រួលទាំងនោះបាន។ បទពិសោធជីវិតបានមកពីការសន្សំ ហើយយើងសន្សំបានបទពិសោធ ព្រោះតែយើងបានឆ្លងកាត់វាដោយផ្ទាល់។ យើងមិនឈរមើលភាពលំបាកពីចម្ងាយ រួចសន្មតថានោះជាបទពិសោធលំបាកទេ។ មួយដង្ហើមស្លាប់ មួយដង្ហើមរស់ ប៉ុន្តែកុំស្លាប់ទៅទាំងមិនបានធ្វើអ្វីសោះ ហើយកុំរស់នៅដោយមិនខ្វល់ពីអ្វីទាំងអស់ ទាំងដែលខ្លួនមានអ្វីជាច្រើនដែលត្រូវធ្វើ...៕

Comments