❣️ យើងប្រហែលជាធ្លាប់ជួបប្រទះនូវបទពិសោធការខកចិត្តចំពោះមនុស្សស្និទ្ធស្នាល ពេលយើងប្រាប់ពីអ្វីមួយដែលយើងចង់ធ្វើ តែចម្លើយដែលយើងទទួលបានត្រលប់មកវិញ គឺជាការមិនគាំទ្រ មិនឯកភាព ហើយបង្កើតហេតុផលអវិជ្ជមាន គំនិតបំភ័យអារម្មណ៍យើងកុំឱ្យធ្វើនូវអ្វីដែលយើងចង់ធ្វើ។ កាលខ្ញុំចាប់ផ្ដើមមុខជំនួញដំបូង ខ្ញុំបានយកគំនិតរកស៊ីរបស់ខ្ញុំទៅពិភាក្សាជាមួយនឹងម្ដាយខ្ញុំ មិត្តភក្តិ បងប្អូន និងសាច់ញាតិ តែពួកគាត់មិនបានលើកទឹកចិត្តឱ្យ ខ្ញុំធ្វើទៅតាមបំណងចិត្តខ្ញុំទេ ពោលគឺពួកគាត់បានផ្ដល់ជាយោបល់ ឱ្យប្រើប្រាស់លុយដែលខ្ញុំមានទៅទិញដីស្រែធ្វើស្រែ ទិញឧបករណ៍ ធ្វើចម្ការ។ ខ្ញុំយល់ពីចេតនារបស់ពួកគាត់ ដែលតាមពិតទៅអ្វីដែលពួកគាត់មិនអនុញ្ញាត ឬមិនយល់ស្របឱ្យខ្ញុំសម្រេចធ្វើ គឺដោយសារតែ ទឹកចិត្តនៃការខ្វល់ខ្វាយបារម្ភយកចិត្តទុកដាក់របស់ពួកគាត់ចំពោះរូបខ្ញុំ។ ក្រោយពីខ្ញុំបានឈ្វេងយល់ពីពួកគាត់ ទើបខ្ញុំទទួលដឹងថា ខ្ញុំមិនអាចបន្ទោសពួកគាត់បានទេ។ គ្មានម៉ែឪ បងប្អូន ប្រពន្ធកូន មិត្តភក្តិ សាច់ញាតិឯណាដែលចង់ឃើញយើងបរាជ័យទេ។

