បើយើងខ្ជិល កុំសុំឱ្យនរណាមកអាណិតយើង ព្រោះសូម្បីតែយើងខ្លួនឯងនេះក៏មានអារម្មណ៍ខឹង ស្អប់ភាពខ្ជិលច្រអូសដែលមាននៅក្នុងខ្លួនឯងដែរ។ ១០០ជំហានត្រូវឈានជើង១០០ដង ព្រោះគ្មាននរណាអាចឈានជើងម្ដងបាន២ជំហានឡើយ ប៉ុន្តែផ្ដើមពី១ជំហានហើយមួយជំហានទៀត នោះជំហានទី១០០នឹងកៀកកាន់តែជិតយើង។
នាងជាក្មេងស្រីម្នាក់ដែលមានក្ដីស្រមៃក្នុងការផ្លាស់ប្ដូរជីវិតរបស់ខ្លួន។ ជំនួសឱ្យការមានអារម្មណ៍ថា នាងជាក្មេងអាភ័ព្វ ជាក្មេងកម្សត់ គឺនាងបានយកភាពឯកាទាំងនោះមកប្រឹងប្រែង។ ការប្រឹងប្រែងរបស់នាងនឹងធ្វើឱ្យមនុស្សជាច្រើនរំភើបនៅថ្ងៃខាងមុខ ប៉ុន្តែបច្ចុប្បន្ន ខ្ញុំតែងតែរំភើបជាមួយការខិតខំប្រឹងប្រែងរបស់នាង ហើយសង្ឃឹមថា ថ្ងៃណាមួយ ជីវិតរបស់នាងនឹងទទួលបានពន្លឺត្រចះត្រចង់ ភ្លឺស្វាង តាមរយៈការខិតខំរៀនសូត្រ និងការប្រឹងប្រែងក្នុងកិច្ចការងារ។

