ឆាកជីវិតនេះបានធ្វើឱ្យខ្ញុំស្គាល់អារម្មណ៍ដែលត្រូវបានគេបោះបង់ចោលម្ដងហើយម្ដងទៀត។ ខ្ញុំធ្លាប់ត្រូវបានគេបញ្ឈប់ពីការងារ ធ្លាប់ត្រូវសង្សារសុំបែក មិត្តភក្ដិឈប់ហៅទៅជួបជុំគ្នាជាដើម។
រឿងខ្លះទោះយើងមិនចង់ឱ្យវាកើតឡើង ក៏វាត្រូវតែកើត ឡើង។ ខ្ញុំទទួលស្គាល់ថា ការដែលខ្ញុំត្រូវបានគេបោះបង់ គឺសុទ្ធតែមានចំណែកខុសមកពីខ្ញុំទោះតិចក្ដីច្រើនក្ដី។ ពេលសាងកំហុស ខ្ញុំក៏រៀនកែកំហុស ហើយពេលគេបោះបង់ខ្ញុំ ខ្ញុំក៏រៀនឱបក្រសោបខ្លួនឯង។
គេអាចឈប់ជឿជាក់ខ្ញុំ តែខ្ញុំត្រូវតែជឿជាក់លើខ្លួនឯង។ គេអាចឈប់ស្រឡាញ់ខ្ញុំ តែខ្ញុំមិនត្រូវឈប់ស្រឡាញ់ខ្លួនឯងទេ។ គេអាចមិនអភ័យទោសឱ្យខ្ញុំ តែខ្ញុំត្រូវចេះអភ័យទោសឱ្យខ្លួនឯង។ គេអាចដើរចេញពីខ្ញុំ តែខ្ញុំមិនអាចបោះបង់ខ្លួនឯងឡើយ។ អ្នកដទៃអាចបោះបង់យើងបាន តែយើងមិនត្រូវបោះបង់ខ្លួនឯងឡើយ ព្រោះមានតែយើងខ្លួនឯងទេដែលអាចនៅជាមួយខ្លួនឯងគ្រប់ពេល មិនថាមានរឿងអ្វីកើតឡើងក៏ដោយ៕

