បើបុរសចេះធ្វើម្ហូបទៀត កាន់តែមាននារីស្រឡាញ់
slide 3 of 2
ក្រៅពីរូបសម្បត្តិ សុភាពបុរសក៏អាចនឹងមានភាពទាក់ទាញជាមួយនឹងទេពកោសល្យ និងជំនាញផ្សេងៗរបស់ខ្លួន។ ជាក់ស្តែង ការចេះចម្អិនអាហារក៏ជាមន្តស្នេហ៍ទាក់ទាញមួយបែបផងដែររបស់បុរស....កាលពី៣០ឆ្នាំមុន មនុស្សប្រុសគិតថាការចម្អិនម្ហូបអាហារ គឺជាការងាររបស់ស្រ្តី។ តែបើក្រឡេកមកមើលបុរសសម័យថ្មីវិញ ៤៣%នៃពួកគេបានបែរមករកការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះ នេះបើយោងតាមទិន្នន័យរបស់កាសែតវ៉ាស៊ីនតោនផុស។ តើមូលហេតុអ្វីបានជាបុរសភាគច្រើនផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនបែបនេះ?
ការផ្លាស់ប្តូររបស់ស្រ្តី
កាលពីមុនមនុស្សស្រីជាស្រ្តីមេផ្ទះ ហើយបុរសជាអ្នកប្រកបរបរផ្គត់ផ្គង់គ្រួសារ ដូចនេះស្រ្តីមានតួនាទីតែមួយគត់ គឺធ្វើការងារផ្ទះ។ ប៉ុន្តែមកទល់នឹងពេលនេះមានការផ្លាស់ប្តូរដ៏ធំមួយដោយស្រ្តីក៏មានភាពមមាញឹកក្នុងការប្រកបរបរផ្គត់ផ្គង់គ្រួសារដូចនឹងបុរសដែរ។ ទាំងនេះហើយទើបធ្វើឲ្យបុរសងាកមករកការធ្វើការងារផ្ទះដូចជាការចម្អិនម្ហូបអាហារ គឺដើម្បីជួយសម្រួលការងារស្រ្តី។
កត្តាទាក់ទងនឹងបុរសខ្លួនឯង
•បង្កើនភាពស្និទ្ធស្នាល
ការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះអាចចាត់ទុកថាជាការទុកពេលវេលាឲ្យខ្លួន ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារតាមរយៈរសជាតិចេញពីទឹកចិត្តផ្ទាល់។
•សន្សំថវិកា
ជាការពិតសម្រាប់ការរស់នៅម្នាក់ឯង ការទិញអាហារចម្អិនស្រាប់ពិតជាងាយ និងពេលខ្លះមានតម្លៃថោក ក៏ប៉ុន្តែភាគច្រើនក៏អាចធ្វើឲ្យប្រឈមមុខនឹងជំងឺជាច្រើនផងដែរ ដែលនឹងធ្វើឲ្យខាតថវិកាកាន់តែច្រើនឡើង។ ដោយឡែកទទួលទានម្ហូបចម្អិនស្រាប់ ត្រូវចំណាយថវិកាច្រើនដើម្បីទទួលបានបរិមាណអាហារគ្រប់គ្រាន់ និងមានទាំងគុណភាព ព្រមទាំងសុវត្ថិភាព។
•សុខភាព
ប្រហែលនឹងចំណុចខាងលើ បន្ទាប់ពីចំណាយពេលធ្វើការអស់រយៈពេលពេញមួយថ្ងៃ បុរសមួយចំនួនបានជ្រើសយកការត្រឡប់មកផ្ទះដើម្បីចម្អិនអាហារសម្រាប់សុខភាព ក៏ដូចជាដើម្បីបង្កើនថាមពលឡើងវិញ និងចៀសផុតពីជំងឺផ្សេងៗផងដែរ ដោយពួកគាត់អាចកំណត់នូវបរិមាណអាហារដែលផ្ដល់ថាមពលគ្រប់គ្រាន់សម្រាប់ខ្លួនបាន។
•បង្ហាញពីភាពរឹងមាំ និងឯករាជ្យ
ផ្ទុយពីការគិតថាមានតែស្រ្តីប៉ុណ្ណោះដែលត្រូវធ្វើការងារទាំងនេះ និងអាចចម្អិនអាហារដ៏មានឱជារស បុរសមួយចំនួនព្យាយាមបង្ហាញថាខ្លួនក៏អាចបង្កើតនូវឱជារសនេះដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់នារីបានដែរ។
•បង្កើនភាពច្នៃប្រឌិតរបស់ខ្លួន
ការចម្អិនអាហារក៏មិនខុសពីការងារដទៃដែរ ការធ្វើដោយការពេញចិត្ត និងទៅតាមចំណង់ចំណូលចិត្តនឹងនាំមកនូវគំនិតច្នៃប្រឌិតប្លែកៗជាច្រើន។ ភ្ជាប់ជាមួយស្នាដៃច្នៃប្រឌិតរបស់ពួកគេ បុរសសម័យថ្មីជាច្រើនក៏ចាត់ទុកការចម្អិនអាហារជាសិល្បៈមួយបែបដែលធ្វើឲ្យជីវិតរបស់គេមានភាពស្រស់ស្រាយបន្ថយភាពតានតឹង និងធ្វើឲ្យសុខភាពផ្លូវកាយ និងចិត្តរឹងមាំ។

