និងជួយឱ្យវិស័យទេសចរណ៍ខេត្តសៀមរាបកាន់តែទាក់ទាញ

M
morngbora
ភ្នំពេញៈ អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​បាន​អះអាង​ថា ​គម្រោង​​​​អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម (Angkor Wildlife & Aquarium) ដែល​​​ប្រកាស​​​បើក​ដំណើរ​ការ​នៅ​ដើម​ខែ​វិច្ឆិកាខាង​មុខ នឹង​រួម​ចំណែក​​​ទាក់​ទាញ​ភ្ញៀវ​ទេសចរជាតិ និង​អន្តរ​ជាតិ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​កាន់​តែ​ច្រើន ហើយ​រយៈ​ពេល​ស្នាក់​នៅ​ទីនោះ​ក៏​អាច​នឹង​វែង​ជា​មុន​ផង​ដែរ​។

អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម (Angkor Wildlife & Aquarium) គឺ​ជាគម្រោងវិនិយោគ​លើ​​សួន​ចិញ្ចឹមសត្វ និង​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក​ ​ដែល​​មាន​​ផ្ទៃដី​ប្រមាណ ១០០ ​ហិកតា​​ (​សាងសង់​ជា​ដំណាក់កាល​) ស្ថិត​​​ក្នុងឃុំខ្ចាស់ ​ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយ​បាន​ចំណាយ​ថវិកាសាងសង់​​​​​ប្រមាណ ៧០​​ លាន​ដុល្លារ​។ គម្រោង​នេះ​បាន​ប្រកាស​​​បើកដំណើរការអាងពិព័រណ៍​ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ ចាប់​ពី​​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ ២០២២។ គម្រោង​នេះ​​បានចាប់ផ្ដើមសាងសង់កាល​ពី​ថ្ងៃទី​ ២៩ ខែមេសា ឆ្នាំ​ ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ​ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ​ ២០២២។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ Angkor Wildlife & Aquarium ការ​បើក​ឱ្យ​ចូល​ទស្សនា​​ក្នុង​ដំណាក់កាលទី១ នេះនឹង​មាន​អាងពិព័រណ៍​ត្រីទំហំ​ជាង ១ ម៉ឺនម៉ែត្រគុប ដែល​មាន​​ប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃ មាននៅ​ក្នុង​ប្រទេស​​កម្ពុជា និង​មួយ​ចំនួន​នាំចូល​មក​ពី​បរទេស ហើយ​ក៏​មាន​សួនសត្វ ដែល​មាន​សត្វ​​​​ច្រើន​ប្រភេទ​ដូចជា សត្វ​ខ្លា​មក​ពី​ប្រទេស​អាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើក​ហ្លួង និង​ក្រពើ​ភ្នំ ជាដើម​។

Comments