យើងត្រូវរៀនស្រឡាញ់ខ្លួនឯង ប៉ុន្តែក៏មិនចាំបាច់ដែលត្រូវស្អប់អ្នកដទៃទេ។ រៀនឱ្យតម្លៃខ្លួនឯង ប៉ុន្តែកុំមើលងាយអ្នកដទៃអី។ យកចិត្តទុកដាក់ជាមួយខ្លួនឯងជាការប្រសើរ ប៉ុន្តែកុំបោះបង់ចោលអ្នកដទៃដោយមិនរវល់។ បើអាចជួបប្រសព្វជាមួយមនុស្សល្អវាជាការប្រសើរ ប៉ុន្តែបើធ្វើខ្លួនឱ្យក្លាយជាមនុស្សល្អវាជារឿងប្រសើរជាង។ អាចរកជំនួយបានពេលត្រូវការ ពិតជាសំណាងល្អណាស់ ប៉ុន្តែបើអាចជួយអ្នកដទៃបានពេលគេត្រូវការវិញ នោះជាការចាប់ផ្ដើមកសាងស្នូល ឬគ្រឹះនៃជីវិត។ នៅពេលខ្លះដែលយើងត្រូវការបង្អែកគឺយើងរកបង្អែកនោះមិនបានទេ ប៉ុន្តែបើយើងមានឱកាសអាចធ្វើជាបង្អែកសម្រាប់នរណាម្នាក់ សូមធ្វើវាដោយល្អបំផុតទៅ។
អ្នកខ្លះចេះតែពីខាងអន់ចិត្តនៅពេលដែលពឹងឱ្យអ្នកដទៃជួយអ្វីខ្លួនមិនបាន ប៉ុន្តែគេមិនដែលមានអារម្មណ៍ថាសោកស្ដាយអ្វីបន្ដិចសោះ ពេលដែលគេមិនអាចជួយដល់នរណាម្នាក់ដែលត្រូវការជំនួយពីគេ។ សូមកុំធ្វើជាមនុស្សដែលចាំតែអន់ចិត្តលើរឿងដែលអ្នកដទៃមិនអាចជួយបាន តែយើងត្រូវប្រឹងធ្វើជាមនុស្សដែលអ្នកដទៃអាចពឹងបាន។ យ៉ាងហោចណាស់បើអ្នកជិតខ្លួនយើងឈឺចាប់ យើងក៏អាចធ្វើជាអ្នកដែលលួងលោមម្នាក់។ បើមិនអាចជួយអ្វីដល់គេបាន យ៉ាងហោចណាស់យើងត្រូវរៀនធ្វើខ្លួនជាមនុស្ស ដែលមិនអំពល់ទុកដល់គេច្រើនពេកទៅវាបានហើយ។

