ជីវិតដែលខ្លាំងពេញលេញ គឺជាការរកជម្រើសសម្រាប់ខ្លួនឯង ដ្បិតអ្វីៗ គ្មាននរណាក្បង់ដៃយកមកប្រគល់ជូនយើងស្រេចនោះឡើយ។ បុគ្គលម្នាក់ៗគម្បីផ្ដោតការគិតទៅលើគោលដៅត្រឹមត្រូវណាមួយ ដែលស្របតាមបេះដូងរបស់ខ្លួន ហើយដាក់ចិត្តដាក់កាយប្រឹងបន្ដធ្វើឱ្យគោលដៅដែលខ្លួនស្រឡាញ់បានសម្រេច។ គោលដៅដែលអាចសម្រេចទៅបាន យើងគួរធ្វើឱ្យគោលដៅនោះក្លាយជាស្នូលនៃការគិត។ គោលដៅអាចមានច្រើនបែបច្រើនយ៉ាងហើយវាអាចជាគោលដៅអរូបិយ ឫក៏អាចជាវត្ថុបំណងបែបរូបិយដោយវាអាស្រ័យទៅតាមកាលៈទេសៈជាក់ស្ដែង និងធម្មជាតិរបស់មនុស្សម្នាក់ៗ។

