អ្នកខ្លះ យកការឈឺចាប់មកធ្វើជាកម្លាំងចិត្តដើម្បីឆ្ពោះទៅកាន់ក្ដីស្រមៃ ឬគោលដៅដែលខ្លួនបានកំណត់ តែអ្នកខ្លះយកការឈឺចាប់មកបំផ្លាញខ្លួនឯង យកការឈឺចាប់មកធ្វើជាហេតុផលដើម្បីបោះបង់គោលដៅដែលខ្លួនស្រមៃចង់សម្រេច។ ហេតុដូច្នេះ ទើបមនុស្សដែលឆ្លងកាត់នូវការឈឺចាប់ដូចគ្នាកាលពីអតីតកាល តែបែរជាមានលទ្ធផលខុសគ្នានៅក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
មនុស្សយើងតែងតែចង់បាននូវអ្វីដែលខ្លួនមិនមាន តែយើងកម្រចេះពេញចិត្តចំពោះអ្វីៗដែលខ្លួនកំពុងមានណាស់។ ហេតុដូច្នេះ ទោះជាយើងមានអ្វីៗច្រើនណាស់ទៅហើយ ក៏យើងនៅតែមានអារម្មណ៍ថាខ្លួនឯងខ្វះខាត ព្រោះចិត្តចង់បានរបស់យើងវាមិនបានបញ្ឈប់ទេ។ ផ្ទុយទៅវិញ សុភមង្គលនឹងចាប់ផ្ដើមដុះពន្លកឡើងក្នុងចិត្តរបស់យើង នៅពេលដែលយើងចេះសម្លឹងឃើញអ្វីៗដែលខ្លួនមានដោយក្ដីពេញចិត្ត។ ទាល់តែយើងពេញចិត្តជាមួយអ្វីដែលយើងមានជាមុនសិន ទើបចិត្តរីករាយកើតឡើង ហើយវាក៏ជាហេតុដែលបណ្ដាលឱ្យយើងនឹងបន្តទទួលបាននូវអ្វីៗដែលយើងចង់បាន។ ដូចគ្នាដែរ បើយើងរីករាយជាមួយថ្ងៃនេះ និងពេញចិត្តជាមួយពេលវេលានេះ នោះយើងនឹងមានពេលបន្ទាប់ដែលកាន់តែរីករាយថែមទៀត។

