#ពេលមួយដែលយើងដឹងក្ដី💜

M
mouy-len
ដល់ពេលមួយនោះ ប្រហែលជាពេលដែលយើងធំពេញវ័យគ្រប់គ្រាន់ ហើយគំនិតរបស់យើងក៏បានផ្លាស់ប្ដូរ។ មិនមែនពេលវេលាធ្វើឱ្យយើងប្រែប្រួលទេ ប៉ុន្តែការប្រែប្រួលគឺជាអ្វីតែមួយគត់ដែលអាចឱ្យយើងសម្របខ្លួននឹងពេលវេលាបាន។ យើងចាប់ផ្ដើមយល់ថាក្ដីសុខដ៏ធំធេងបំផុតមិនមែនគ្រាន់តែយើងអាចមានឱកាសទទួលបានក្ដីស្រលាញ់ពីនរណាមុនឡើយ ប៉ុន្តែយើងនឹងផ្លាស់ប្ដូរពីការទាមទារយកក្ដីស្រលាញ់ ហើយត្រឡប់ទៅផ្ដល់ក្ដីស្រលាញ់ដល់ពួកគេមុន ហើយធ្វើអ្វីៗជាច្រើនដើម្បីពួកគេ មុនពេលដែលពួកគេស្នើសុំអ្វីមួយពីយើង។ ខ្ញុំមិននិយាយតែពីរឿងស្នេហាទេ ប៉ុន្តែចំពោះបងប្អូន គ្រួសារ ឪពុកម្ដាយ កូន ស្វាមី ភរិយា មិត្តភក្ដិ...។ បើយើងនៅទីនេះដើម្បីអន់ចិត្តដែលពួកគេមិនធ្វើអ្វីសោះដើម្បីយើង ចុងក្រោយយើងក៏នឹងកាន់តែអន់ចិត្ត ព្រោះពួកគេនៅតែមិនព្រមធ្វើអ្វីទាល់តែសោះដើម្បីយើង។ 

ពេលយើងកាន់តែធំដឹងក្ដី យើងនឹងលែងអង្គុយចាំតែអន់ចិត្តពេលដែលនរណាម្នាក់មិនអាចផ្ដល់អ្វីមួយចំពោះយើងបានដូចមុនទៀតហើយ ព្រោះយើងក៏អាចគិតឃើញថាការសោកសៅ ព្រោះតែមិនទទួលបានអ្វីមួយសមតាមបំណង វាជាការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ជាងការខំប្រឹងធ្វើអ្វីមួយ ឬក៏ផ្ដល់អ្វីមួយទៅនរណាម្នាក់ជាមុន។ ដូច្នេះយើងក៏យកពេលវេលារបស់យើងមកធ្វើអ្វីមួយដែលយើងគិតថាវានឹងមានប្រយោជន៍ បើមិនមែនសម្រាប់មនុស្សជាច្រើន ក៏យ៉ាងហោចណាស់វាអាចនឹងធ្វើឲ្យនរណាម្នាក់សប្បាយចិត្តនឹងកិច្ចការងាររបស់យើងដែរ។

Comments