#ក្ដីសុបិនមួយ
“ក្ដីសុបិនរបស់ខ្ញុំគឺសូមឱ្យក្ដីស្រមៃរបស់ខ្លួនឯង និងមនុស្សជាច្រើនផ្សេងទៀតមិនមែនគ្រាន់តែជាក្ដីស្រមៃទេ ប៉ុន្តែសូមឱ្យវាជាក្ដីស្រមៃដែលមានរូបរាងច្បាស់លាស់ ក្ដីស្រមៃដែលសាងនូវប្រយោជន៍មិនដើម្បីតែខ្លួនឯង ក្ដីស្រមៃដែលសម្រាប់គ្រប់គ្នា ហើយចុងក្រោយវាគឺជាក្ដីស្រមៃដែលក្លាយទៅជារឿងរ៉ាវនិទានមិនចេះចប់មិនចេះហើយ ព្រោះវាជាក្ដីស្រមៃដែលកើតឡើងពិត”
ជីវិតដ៏រីករាយបំផុត គឺជាជីវិតដែលអាចភ្ញាក់ឡើងពីដំណេករាល់ព្រឹក ដោយបានដឹងថា យើងកំពុងតែដើរតាមក្ដីសុបិនដ៏អស្ចារ្យរបស់ខ្លួនឯង។ វាប្រហែលជាពិបាក ក្នុងការស្រមៃថា តើយើងនឹងមានអារម្មណ៍ដូចម្ដេច? បើយើងមិនទាន់ទាំងបានដឹងថា អ្វីទៅជាក្ដីសុបិនរបស់យើងផងនោះ...។ នេះឯងគឺជាបញ្ហាទីមួយសម្រាប់យើង ក្នុងដំណើរឆ្ពោះទៅរកក្ដីសុបិននៃជីវិត។ ការតស៊ូប្រឹងប្រែងក្នុងការជម្នះរាល់ការលំបាកនានា ដើម្បីបានទៅដល់ក្ដីសុបិនមួយវាមិនពិបាកដូចដំណាក់កាលដែលយើងត្រូវរកឱ្យឃើញថា “អ្វីទៅជាក្ដីសុបិនដ៏ធំបំផុតរបស់យើង” នោះទេ។
ពេលវេលាសម្រាប់យើង ដើម្បីរស់នៅលើផែនដីនេះ វាមានដែនកំណត់។ ដូច្នេះវាជាការចាំបាច់ណាស់ ដែលយើងត្រូវតែចេះកំណត់ពេលវេលាដើម្បីរស់នៅក្នុងជីវិតមួយឱ្យបានល្អបំផុត តាមដែលយើងអាចធ្វើបាន។ ខ្ញុំដឹងថាពុំមាននរណាម្នាក់ ចង់យកពេលវេលាដែលសេសសល់បន្ដិចបន្ដួចនៅវិនាទីចុងក្រោយនៃជីវិតរបស់ខ្លួន ដើម្បីនឹកសោកស្ដាយចំពោះរឿងដែលខ្លួនមិនបានធ្វើកាលពីខ្លួននៅមានកម្លាំងខ្លាំងមាំមួន និងមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើវានោះឡើយ។

