“វីរ:នារីរបស់កូន” ម៉ាក់គឺមាតាដៃ១០០ពិតៗ ម៉ាក់មិនដែលចេះនៅ ទំនេរនឹងគេទេ។ តាំងពីខ្ញុំធំដឹងក្តីមក ខ្ញុំឃើញតែម៉ាក់ខ្ញុំរវល់វិលក្បុងជា រៀងរាល់ថ្ងៃ។ ម៉ាក់ខ្ញុំមានជំនាញចំរុះ ម៉ាក់ជាចុងភៅពិសេស ប្រចាំ គ្រួសារ ជាអ្នកបោកគក់សម្លៀកបំពាក់ ជាជាងដេរខោអាវ ជាអ្នកអនាម័យ ជាគ្រូបង្រៀន ជាគ្រូពេទ្យ ជាគុលានុបដ្ឋយិកា ជាគ្រូចាប់សរសៃរ ជាបេឡា ជាមន្រ្តីរាជការ ជាអជីវករ ជាទីប្រឹក្សា ជាអ្នកគ្រប់គ្រង ជាទីផ្សារ ជាអ្នកចម្រៀងបំពេរកូន ទោះបីជាគាត់ មិនចេះច្រៀងសោះពីមុនមកក៏ដោយ។
ជាទម្លាប់ម៉ាក់ភ្ញាក់ពីព្រលឹមរៀបចំចាត់ចែងការងារផ្ទះសម្បែង ចម្អិនអាហារពេលព្រឹក រួចដាស់កូនៗរៀបចំញ៉ាំអាហាររួច ចែក លុយឱ្យទៅសាលា។ ចំណែកគាត់ប្រញាប់ប្រញាល់រៀបចំខ្លួនហើយរូត រះដើរឡើងត្របាញ់ជើង ទៅកន្លែងធ្វើការរបស់គាត់។ ពេលគាត់មកវិញ គាត់ក៏ហួសទៅផ្សារទិញម្ហូបរួចរាល់ ទើបត្រលប់មកផ្ទះវិញ។ ម៉ាក់បានផ្លាស់ប្តូរសម្លៀកបំពាក់ហើយ ក៏ម្នីម្នារៀបចំចម្អិនម្ហូបអាហារ ថ្ងៃត្រង់ ហើយគាត់មានបន្ថែមរបរនៅមុខផ្ទះទៀត។

