#កុំស្រឡាញ់គេរហូតភ្លេចស្រឡាញ់ខ្លួនឯង

M
mouy-len
វត្តមានរបស់មនុស្សខ្លះក្នុងជីវិតយើង បានក្លាយជាចំណែកដែលធ្វើឱ្យក្ដីសុបិនរបស់យើងក្លាយជាការពិត។ ប៉ុន្តែវត្តមានអ្នកខ្លះទៀត បែរជាធ្វើឱ្យយើងលែងហ៊ាន សូម្បីតែបន្តក្ដីសុបិនរបស់ខ្លួនឯង។ សេចក្ដីស្រឡាញ់ដែលធ្វើឱ្យផ្លូវចិត្តពុំមានសុវត្ថិភាពបែបនេះ តើយើងគួរតែបន្តវាឬទេ? ចូរជ្រើសរើសធ្វើរឿងដែលយើងអាចរីករាយជាមួយវាចេញពីចិត្ត ហើយដែលសំខាន់ជាងនេះ វាជារឿងត្រឹមត្រូវ ប៉ុន្តែរឿងត្រឹមត្រូវខ្លះក៏ពុំមែនជារឿងរីករាយទេសម្រាប់យើង។ ដូច្នេះនៅពេលមួយ យើងខ្លួនឯងនឹងក្លាយជាមនុស្សដែលចេះជ្រើសរើស ថាតើត្រូវធ្វើរឿងដែលត្រឹមត្រូវមុន ឬរឿងដែលធ្វើឱ្យយើងរីករាយមុន? ព្រោះមិនមែនគ្រប់ពេលយើងអាចជ្រើសរើសយករឿងទាំងពីរក្នុងពេលតែមួយនោះទេ។

កុំជ្រើសរើសធ្វើរឿងមួយដើម្បីនរណា តែចូរធ្វើវាដើម្បីខ្លួនឯង ដ្បិតថាអ្នកគ្រប់គ្នាអាចនឹងចាកចេញពីយើង។ ទោះជានរណាចាកចេញពីយើងក៏ដោយ តែយើងនឹងនៅទីនេះ គឺនៅជាមួយខ្លួនឯងរៀងរហូត។ ជម្រើសរបស់យើង គឺជាទំនួលខុសត្រូវរបស់យើង ហើយយើងក៏មិនអាចជ្រើសរើសអ្វីមួយដើម្បីអ្នកដទៃដូចគ្នា ព្រោះជីវិតរបស់ពួកគេ វាគឺជាជម្រើសរបស់ពួកគេ។ កុំប្រើជីវិតផ្ទាល់ខ្លួន រស់នៅដើម្បីតែបំពេញចិត្តនរណាម្នាក់ឱ្យសោះ ព្រោះពេលដែលយើងហត់នឿយនឹងការប្រើជីវិតបែបនោះ យើងក៏ស្ទើរតែលែងមានកម្លាំងដើម្បីបន្តការរស់នៅសម្រាប់ខ្លួនឯងទៀតដែរ។ ជីវិតនេះ យើងអាចត្រូវអ្នកដទៃមិនឱ្យតម្លៃ តែយើងត្រូវដឹងថា យើងមានតម្លៃដើម្បីបន្តរស់នៅតទៅទៀត។

Comments