#រឿងខ្លះដែលយើងមិនបានចាប់អារម្មណ៍...

M
mouy-len
ជាធម្មតា យើងអាចមិនចាប់អារម្មណ៍នឹងពេលវេលា១នាទី ដែលយើងចំណាយចោលជារៀងរាល់ថ្ងៃទេ។ ប៉ុន្តែ ១០ឆ្នាំម្ដង យើងនឹងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលទ្ធផលនៃជីវិតរបស់យើង។ យើងមិនចាប់អារម្មណ៍នឹងសកម្មភាពឥតប្រយោជន៍ តែយើងចាប់អារម្មណ៍លើលទ្ធផលដែលខុសពីការរំពឹងចង់បាន។ អ្នកខ្លះចង់បានលទ្ធផលល្អពីការសិក្សា ប៉ុន្តែមិនដែលបែងចែកកាលវិភាគរៀន មិនដែលមើលមេរៀនឱ្យបានមុនគ្រូ មិនមានទម្លាប់អានសៀវភៅ មិនទម្លាប់ឆ្ងល់ មិនទម្លាប់កត់ត្រាអ្វីដែលសំខាន់ចាំបាច់ពេលគ្រូពន្យល់ មិនទម្លាប់ក្រោកពីព្រឹកដើម្បីរំលឹកមេរៀន មិនធ្វើកិច្ចការសាលាឱ្យបានមុនថ្ងៃកំណត់ដែលគ្រូប្រមូល... ហើយពេលដែលលទ្ធផលនៃការសិក្សាបង្ហាញមកក៏ចាប់ផ្ដើមកើតអារម្មណ៍អន់ចិត្ត ឈឺចាប់។
វាមិនមែនជារឿងតឹងរ៉ឹងទេ បើសិនជាយើងចេះតែខ្ជីខ្ជា និងខ្ជះខ្ជាយពេលវេលារាល់ថ្ងៃដោយមិនបានបែងចែក និងរៀបចំ ហើយលទ្ធផលល្អដូចការរំពឹង វាក៏មិនមែនត្រូវប្រឹងតែមួយថ្ងៃទេ។ មុននឹងយើងឆ្ងល់ថាម៉េចបានយើងគ្មានលទ្ធផលល្អ សាកក្រឡេកទៅមើលសកម្មភាពរបស់យើងទម្លាប់របស់យើងប្រចាំថ្ងៃទៅមើល។ បើយើងចង់បានលទ្ធផលល្អ គឺយើងត្រូវហត់នឿយបន្ដិចហើយ ហើយក៏មិនមែនត្រូវប្រឹងប្រែង ឬហត់នឿយតែមួយថ្ងៃដែរ តែគឺប្រឹងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ។
វាអាចនឹងពិបាកទទួលយកចំពោះពាក្យថាត្រូវប្រឹងប្រែង ត្រូវមានទម្លាប់ល្អ ត្រូវផ្លាស់ប្ដូរខ្លួនឯង តែថ្នាំព្យាបាលជំងឺគ្មានជាតិឆ្ងាញ់ទេ។ រីឯមួយវិញទៀត អាហារដែលជួយសុខភាពបានច្រើនបំផុតក៏មិនមែនជាអាហារដែលទំនងឆ្ងាញ់ដែរ ទាំងក្លិន និងទាំងរសជាតិ វាពិបាកលេបបន្ដិច ប៉ុន្តែក្រៅពីមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយហើយ វានៅជួយថែបំប៉នថែមទៀត។ ដូច្នេះ យើងត្រូវតែបរិភោគអាហារល្អប្រសិនបើយើងចង់បានសុខភាពល្អ ហើយត្រូវជម្នះបោះបង់ចោល ឬកាត់បន្ថយអាហារដែលយើងចូលចិត្ត តែវាបង្កផលប៉ះពាល់ដល់សុខភាព។
ជីវិត បើប្រឹងដើរបញ្ច្រាសនឹងទម្លាប់ឥតប្រយោជន៍របស់យើង គឺវាជារឿងមានប្រយោជន៍មួយហើយ ឱ្យតែបោះបង់ចោលទម្លាប់ដែលជាមូលហេតុនាំឱ្យបរាជ័យបាន នោះទម្លាប់ល្អៗដើម្បីសាងភាពជោគជ័យក៏ចូលមកជំនួសស្រេចទៅហើយ។ កុំប្រាថ្នាលទ្ធផលល្អតែមិនព្រមផ្លាស់ប្ដូរទម្លាប់មិនល្អចេញ។ កុំចង់រឹងមាំដោយមិនឆ្លងកាត់បញ្ហាលំបាក ព្រោះបញ្ហាលំបាកហ្នឹងហើយដែលជាអ្នកបង្រៀនយើងឱ្យចេះក្រោកឈរ។ កុំចង់បានតែភាពងាយស្រួលដោយមិនបានប្រឹងប្រែង ព្រោះការខិតខំប្រឹងប្រែងហ្នឹងហើយ ដែលធ្វើឱ្យយើងដឹងថាភាពស្រណុកសុខស្រួលបន្ដិចបន្តួចនោះវាមានតម្លៃប៉ុនណា។ កុំចង់បានលទ្ធផលពីការធ្វើរឿងមានប្រយោជន៍ ស្របពេលដែលយើងរស់នៅដោយខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។ លទ្ធផលគ្រប់យ៉ាងត្រូវប្ដូរជាមួយសកម្មភាព ឬទម្លាប់ដែលយើងប្រឹងសន្សំ។ តើថ្ងៃនេះបានធ្វើអ្វីខ្លះហើយ? តើថ្ងៃស្អែកត្រូវធ្វើអ្វីបន្តទៀត? ការដាក់សំណួរទាំងអស់នេះ វានឹងជួយឱ្យយើងអាចគ្រប់គ្រងពេលវេលាដែលយើងកំពុងមានបានល្អ ហើយអាចប្រើប្រាស់វាដោយមានប្រសិទ្ធភាពខ្ពស់។

Comments