ភាពឥតខ្ចោះរកនៅឯណា?
ភាពឥតខ្ចោះមិនមានដាក់លក់ ឬទិញដូរបានទេ ម្យ៉ាងភាពឥតខ្ចោះគឺគ្មានរូបគ្មានរាងអ្វីឡើយ។ នៅលើលោកនេះ មិនថា មនុស្ស សត្វ ឬវត្ថុអ្វីក៏ដោយ ភាពឥតខ្ចោះមិនមានទេ។
ពេលខ្លះយើងមើលរំលង តម្លៃខ្លួនឯង ហើយតែងតែព្យាយាមផ្លាស់ប្តូរនេះ ផ្លាស់ប្តូរនោះមិនចេះចប់មិនចេះហើយ។ កុំចាំបាច់ដេញតាម ឬខិតខំស្វែងរកភាពឥតខ្ចោះនោះឡើយ។ បើយើងកាន់តែដេញតាមរកវា នោះយើងនឹងកាន់តែបាត់បង់ភាពជាខ្លួនឯង ហើយថ្ងៃណាមួយយើងប្រហែលជាស្តាយក្រោយ នៅពេលដែលយើងមិនអាចត្រលប់ក្រោយ ធ្វើជាខ្លួនឯងដ៏សាមញ្ញម្នាក់នេះបាន។
បើចិត្តយើងជ្រះថ្លាជាមួយនិងរូបកាយ ពណ៌សម្បុរ និងជីវិតសព្វថ្ងៃរបស់ខ្លួនឯង នោះគឺវាស្កប់ស្កល់ហើយ។
យើងគួរហ៊ានទទួលស្គាល់ការពិតនៃខ្លួនឯង ហើយរៀនស្រឡាញ់ខ្លួនឯងឱ្យបានច្រើនៗ ទោះបីជាយើងមិនស្អាតដូចតារាហូលីហ្វូត ក៏យើងមានភាពស្អាតជារបស់ខ្លួនឯងដែរ។ ភាពស្រស់ស្អាតខាងក្រៅ វានឹងវិវត្តតាមអាយុកាលរបស់យើង ហើយសម្រស់នេះគឺនឹងមិនស្ថិតស្ថេរទេ អ្វីដែលសំខាន់ គឺភាពស្អាតពីខាងក្នុង ការមានចរិយាសម្បត្តិល្អ ការមានទំនាក់ទំនងល្អជាមួយនឹងមនុស្សជុំវិញខ្លួននឹងអាចធ្វើឱ្យយើងរស់នៅមានក្តីសុខ។
យើងមិនគួរអនុញ្ញាតឱ្យសម្ពាធពីខាងក្រៅមកផ្លាស់ប្តូរយើងនោះឡើយ។

