សារៈប្រយោជន៍ សីល សមាធិ វិបស្សនា
១- សីលនាំឲ្យបានៈ
វិជ្ជាបី វៀរកាមសុខលិកានុយោគ កន្លងអបាយភូមិ៤ លះកិលេសដោយតទង្គបហាន ជាធម៌ប្រឆាំងនឹងទុច្ចរិត នាំឲ្យក្លាយជាអរិយបុគ្គលថ្នាក់សោតា និងសកទាគាមិបុគ្គល បាននូវកាយវិវេក(ស្ងប់កាយ) មិននាំឲ្យមានវិប្បដិសារីយ៍ សីលនាំឲ្យបាននូវព្រះនិព្វាន ។
២- សមាធិនាំឲ្យបានៈ
អភិញ្ញា៦ វៀរបង់អត្តកិលមថានុយោគ កន្លងនូវកាមធាតុ លះបង់កិលេសដោយវិក្ខម្ភនប្បហាន ប្រឆាំងនឹងបរិយុដ្ឋានកិលេស ស្ងប់តណ្ហា នាំឲ្យបានជាអានាគាមីបុគ្គល ចិត្តវិវេក(ចិត្តស្ងប់) មិនប្រាថ្នាកាមតណ្ហា ភវតណ្ហា បានដឹងនូវសភាពព្រះនិព្វាន សច្ចៈ៤មិនកន្លងផុតដែន បានមគ្គញាណផលញាណ៦ ។
៣- វិបស្សនានាំឲ្យបានៈ បដិសម្ភិទា៤ សេពមជ្ឈិមបដិបត្តិ កន្លងភពទាំងអស់ បង្អស់កិលេសដោយសមុច្ឆេទបហាន ដកចេញឬ ផ្តាច់ឬសគល់អនុស័យកិលេសទាំងឡាយ បរិសុទ្ធិដោយទិដ្ឋិ(មិននៅក្រោមទិដ្ឋិ ឬ អស់ទិដ្ឋិ) បាននូវភាពជាព្រះអរហន្ត អស់កិលេសជាស្ថាពរ អស់មោហៈអវិជ្ជា សូន្យចាកសេចក្តីមានះប្រកាន់ អស់ការប្រកាន់ក្នុងសង្ខារទាំងពួង ។
ចំណាំ ! ក្នុងសីល សមាធិ យោគាវចរនៅសំគាល់ឃើញថាខ្លួនជាអ្នកបាន ពេលចូលដល់វិបស្សនា ទើបគេសំគាល់ឃើញថាខ្លួនជាអ្នកអស់ ការសំគាល់ថាបាននិព្វាន គឺអស់ការប្រកាន់ក្នុងខន្ធ៥ ទីបំផុតគឺអស់ការប្រកាន់អ្វីៗទាំងអស់នៅក្នុងលោក « គឺការបានអស់ » អស់ការសំគាល់ឃើញថាខ្លួនត្រូវបានអីពីលោកនេះ គ្មានវេទនាសោយអារម្មណ៍ សុខព្រោះគ្មានការសោយអារម្មណ៍ នេះហើយជានិព្វាន និព្វានគឺជាការហ្វឹកហាត់សំអាតចិត្ត ដើម្បីឲ្យអស់ការប្រកាន់តែម៉្យាង អស់ការប្រកាន់ទើបអស់ទុក្ខនៅក្នុងចិត្ត នេះហើយជាអរហត្តផលញាណ ។

