ពាលគង់តែបានជួបពាលដូចគ្នា ចោរគង់តែបានជួបចោរដូចគ្នា សត្រូវគង់មានថ្ងៃបានជួបទូទាត់សុីសងគ្នា មិនត្រូវខ្វល់ពីពួកគេច្រើនពេកឡើយ បើបានជួបហើយដើរចេញទៅ បណ្ឌិតសេពគប់បណ្ឌិតទើបមានក្តីសុខ ។ ចិត្តដែលដឹកនាំខុស អាចធ្វើឲ្យខ្លួនឯងជួបគ្រោះថ្នាក់ផង អាចធ្វើឲ្យអ្នកដទៃមានគ្រោះថ្នាក់ផង ។ ពាលដែលដឹងខ្លួនថាជាពាល អាចក្លាយជាបណ្ឌិត ពាលដែលមិនដឹងខ្លួនថាជាពាល ទើបជាពាលពិត ! ដឹងបាន គឺឧស្សាហ៍ទទួលយកការរិះគន់ពីអ្នកដទៃយកមកគិត ទើបអាចស្វែងរកការពិតពីខ្លួនឯងឃើញ ។ គំនិតគឺជាធម្មជាតិមួយដែលរំជួលញាប់ញ័រមិនឋិតថេរ ពិបាកក្នុងការគ្រប់គ្រងរក្សានឹងទប់ស្កាត់មិនឲ្យធ្លាក់ក្នុងការស្រឡាញ់ស្អប់ បណ្ឌិតតែងហ្វឹកហាត់ពត់តំរង់ចិត្ត ឲ្យមានភាពទៀងត្រង់ដូចជាអ្នកប្រើធ្នូពត់តំរង់ព្រួញដូច្នោះដែរ ។ គំនិតតែងជ្រួលច្របល់ដូចជាត្រីដែលគេយកពីទឹកបឹង ហើយបោះទៅលើដីស្ងួត យ៉ាងណាមិញ ចិត្តដែលត្រូវគេដកយកចេញពីពិភពត្រេកត្រអាលដែលជាអាណាចក្រនៃមារ តែងរើបំរះដូចជាត្រីយកចេញពីទឹកដូច្នោះដែរ ។

