ថ្ងៃមួយមានរឺម៉កដឹកក្មេងស្រីមានជំងឺក្តៅខ្លួនម្នាក់ចូលក្នុងមន្ទីរពេទ្យ ក្មេងស្រីនោះជាក្មេងទុរគតដេកតាមចិញ្ចើមថ្នល់ ពេលនោះពេទ្យកម្លោះម្នាក់បានមកបញ្ចុកថ្នាំស្រាប់តែក្មេងស្រីនោះបានយកដៃវាសចានថ្នាំនោះកំពប់អស់ ពេទ្យកម្លោះក៏ដើរចេញទៅ ឃើញដូច្នេះពេទ្យក្រមុំនៅក្បែរនោះក៏បានយកថ្នាំមកបញ្ចុកម្តង ស្រាប់តែក្មេងនោះយកដៃគាសកំពប់អស់ទៀត នាងពេទ្យក៏ដើរចេញបាត់ទៅ ។ ពេលនោះយាយពេទ្យម្នាក់បានឃើញដូច្នេះ ក៏កាន់ចានថ្នាំមកបញ្ចុកក្មេងម្តងទៀត ត្រូវក្មេងនោះធាក់មួយជើងចំទ្រូងដួលអុកគូទ គាត់ញញឹមរួចក្រោកមកបញ្ចុកថ្នាំក្មេងនោះម្តងទៀត លើកនេះទឹកមុខក្មេងហាក់ដូចជាស្តាយក្រោយចំពោះអំពើរបស់វា លើកនេះវាបានរុញចានថ្នាំចេញតែមិនខ្លាំងដូចមុនទេ យាយពេទ្យឃើញឪកាសហុចឲ្យគាត់បានញាត់ស្លាបព្រាថ្នាំចូលមាត់ក្មេងបានជៅគជ័យ ។ នៅក្បែរនោះលោកប្រធានផ្នែកម្នាក់បានឃើញហេតុការណ៍ទាំងអស់នេះគាត់ចង់ទុកជាបទពិសោធន៍ការងារដែលមានជោគជ័យនិងការងារបរាជ័យគាត់បានទៅសំភាសន៍អ្នកទាំងបីនោះភ្លាម ។ លោកពេទ្យកម្លោះបាននិយាយថា ឯងខំជួយវា តែវាមិនចង់រស់ទេ តើឲ្យខ្ញុំធ្វើម៉េច ? ចំណែកនាងពេទ្យក្រមុំនិយាយថា យើងព្យាយាមជួយវាម្តងទៀតតែវានៅតែបដិសេធ ខ្ញុំនៅមានកិច្ចការផ្សេងទៀតដែលត្រូវធ្វើ ខ្ញុំគ្មានពេលច្រើនទេ ។ យាយពេទ្យនិយាយថា៖ ក្មេងនេះគួរឲ្យអាណិតណាស់ កូនគេកូនយើងគ្មានម្តាយថែ វាកាចដូច្នេះព្រោះតែវាបានជួបសុទ្ធតែមនុស្សអាក្រក់នាំឲ្យបាកស្បាត វាគ្មានសង្ឃឹមថាលោកនេះនឹងមានមនុស្សល្អចំពោះវានោះទេ ហេតុនេះទើបខ្ញុំតស៊ូដើម្បីជួយក្មេងនេះឲ្យមានក្តីសង្ឃឹមក្នុងការរស់នៅឡើងវិញ ! ។ លោកប្រធាន បើកភ្នែកធំៗហើយពោលថា ហេតុការណ៍តែមួយសោះ មនុស្សធ្វើការបានទទួលផលខុសៗគ្នា អីចឹងតើ បានមានមនុស្សជោគជ័យ និងមនុស្សបរាជ័យក្នុងការងារ ! ។ មនុស្សមិនត្រូវធ្លាក់ខ្លួនជាទាសករនៃសេចក្តីត្រូវការពេកនោះទេ បើម៉្ងៃៗយើងគិតតែពីការបាននិងការបាត់បង់ធ្វើឲ្យជីវិតយើងត្រូវច្របូកច្របល់ជាមិនខាន។បើគេឈ្លក់វង្វេងនឹងក្តីលោភលន់ខ្លាំងពេក នោះសីលធម៌ ឧត្តមគតិ កិត្តិយសនិងគុណធម៌ដែលសុទ្ធតែជាវត្ថុដ៏មានតម្លៃរបស់មនុស្សនឹងត្រូវបោះបង់ចោលដោយមិនអើពើជាមិនខាន។បើចង់ឲ្យទូក(ជីវិត)ទៅដល់ជ្រាំងដោយគ្មានគ្រោះថ្នាក់សូមកុំផ្ទុករបស់ដែលឥតប្រយោជន៍ច្រើនពេក សូមជ្រើសរើសតែវត្ថុដែលចាំបាច់(កុំសន្សំកម្មឬសន្សំរឿងឥតប្រយោជន៍)។ខ្សែជីវិតវាដូចជាខ្សែពិណដូច្នោះដែរ រឹតបន្តឹងខ្លាំងពេកវានឹងដាច់ បន្ធូរខ្លាំងពេកវានឹងឈ្លើយលែងមានន័យថាជាសម្លេងពិណទៀតហើយ មាគ៌ាជីវិតគឺជាផ្លូវកណ្តាល ឯការងារប្រចាំថ្ងៃគឺជាកិច្ចប្រតិបត្តិព្រះធម៌នេះឯង សូមសាធុជនបានបំពេញការងារដោយក្តីស្រឡាញ់ពេញចិត្តគ្រប់ៗគ្នា ! ។

