វាគ្មានអ្វីក្រៅពីខ្លួនធ្លាប់បានដឹង ធ្លាប់បានឮ ធ្លាប់មានពិសោធនោះទេ ។ បើអ្នកមិនដឹងថាមានខ្មោចលង អ្នកអាចជជែកលេងជាមួយខ្មោចយ៉ាងសប្បាយ បើអ្នកមិនស្គាល់ភ្លើង អ្នកអាចចាប់កាន់ភ្លើង រហូតដល់វាក្តៅរលាកទើបអ្នកខ្លាចភ្លើង ហេតុនេះការភ័យខ្លាចវាកើតពីពិសោធដែលខ្លួនធ្លាប់ជួប កើតពីការគិតជាមុននេះឯង ប៉ុន្តែហេតុអីខ្លួនមិនដែលធ្លាប់ស្លាប់ផងបែរជាខ្លាចស្លាប់ ? តាមពិតមិនមែនខ្លាចស្លាប់ទេ គេនាំគ្នាខ្លាចពីរបៀបស្លាប់ទេតើ ! គិតឲ្យឃើញថា ខ្លាចឈឺ ខ្លាចបាត់បង់ ខ្លាចព្រាត់ប្រាស ខ្លាចលំបាក បើស្លាប់ស្រួល ភ្លាមៗតែម្តងមិនសូវមានអ្នកខ្លាចស្លាប់ទេ ។ តាមទំនាក់ទំនងផ្លូវចិត្តការភ័យខ្លាចស្លាប់វាកើតឡើងពីអវិជ្ជាផងដែរ ចិត្តគិតវង្វេងរាយមាយនាំឲ្យតានតឹងព្រួយបារម្ភគ្មានការពិត ការភ័យខ្លាចសុទ្ធតែអ្វីដែលមិនទាន់បានកើតឡើងទាំងអស់ ខ្លួនអ្នកនៅទីនេះទេ តែចិត្តអ្នកនៅក្នុងអនាគត នាំឲ្យបាត់បង់ឋាមពលបច្ចុប្បន្នរបស់ខ្លួន « មើលខ្យល់ដង្ហើម ឈ្មោះថាមើលបច្ចុប្បន្ន » ។ ការប្រកាន់ថាមានខ្លួនបានកិនកំទេចជីវិតរបស់អ្នកចោលទាំងស្រុង អាត្មានិយមគឺងាយធ្លាក់ខ្លួនឈឺ រស់នៅគ្មានក្តីសុខ ព្រោះសំបូរការរំជួលចិត្ត ដែលជាប្រតិកម្មផ្លូវចិត្តរបស់ខ្លួនឯង កើតពីការគិតខុសដែលជាបុព្វហេតុនៃការភ័យខ្លាចនេះឯង ! ឈប់ភ័យទៅណាចៅ ! ខ្លាចក៏ងាប់ មិនខ្លាចក៏ងាប់ យកមិនខ្លាចវិញ រកទីពឹងឲ្យចិត្តគឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃទៅណា ! ។

