ការប្រកាន់ ការគ្រប់គ្រង ការហួងហែង សុទ្ធតែជាមូលហេតុនៃទុក្ខ ការចេះព្រលែងចោលទើបជាសេចក្តីសុខពិតប្រាកដ ! ។ យើងដឹងហើយថា រូប សម្លេង ក្លិន រស សម្ផស្សពាល់ត្រូវកាយ វាជារបស់លោកនេះទេ គ្មានអ្នកណាអាចយកវាពីលោកនេះទៅបានឡើយ ! ។ អ្វីដែលអាចយកទៅតាមបានគឺអារម្មណ៍ទាំង៦ មានរូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ និង ផោដ្ឋព្វារម្មណ៍ ដែលបង្កើតបានជា សញ្ញា៦(រូបសញ្ញា ...) តណ្ហា៦(រូបតណ្ហា ....)និង ចេតនា៦ (រូបចេតនា....)ដែលនាំឲ្យមានការតាក់តែងកម្ម ហើយទទួលវិបាកកម្មមិនចេះចប់ ។ បើរូបសម្លេង ក្លិនរស ជារបស់លោកនេះគេមិនអាចយកទៅបានដដែល ហេតុនេះការជាប់ប្រកាន់ចង់បាន ការអាល័យគឺជាទុក្ខ ទើបព្រះពុទ្ធត្រាស់ពន្យល់ថា ឧបាទាន(ការជាប់ប្រកាន់)គឺជាទុក្ខ ដើម្បីបានសុខគេត្រូវចេះព្រលែងចោលវិញ ឃើញរូបត្រឹមតែឃើញហើយព្រលែងចោល ឮសម្លេងត្រឹមតែឮហើយព្រលែងចោល គិតហើយត្រឹមតែគិតរួចព្រលែងចោល ដឹងក្លិនដឹងរសហើយព្រលែងចោល កុំទោមនស្សកុំអាល័យ ចំពោះរបស់ដែលខ្លួនយកមិនបានទាំងនោះ ! អ្នកដែលកើតទុក្ខចង់បានផ្កាយ ព្រះអាទិត្យ ព្រះច័ន្ទ គឺជាមនុស្សល្ងង់(អវិជ្ជា) អ្នកដែលមិនចេះព្រលែងចោលអារម្មណ៍ទាំង៦ គឺជាកូនបំណុលរបស់ផែនដី អ្នកដែលចេះព្រលែងចោលអារម្មណ៍ទាំង៦ទើបជាអ្នកបានរួចខ្លួន ! ។ នេះជាមេរៀនព្រះអរហន្ត ប៉ុន្តែបុថុជ្ជនដែលមានទុក្ខត្រូវតែរៀនប្រើដើម្បីចម្លងជីវិតឲ្យរួចផុតពីការប្រកាន់ភ្ជាប់ គេលះការប្រកាន់តាមផ្លូវចិត្ត តែការងារនិងការរស់នៅតែងប្រព្រឹត្តិទៅជាធម្មតាទេ មិនមែនត្រូវរត់ចោលការលំបាកហើយនិយាយថាពូកែលះនោះទេ ។

