រណ្តាប់ពិធីទទួលទេវតាឆ្នាំថ្មី !
១- បោសសំអាតគេហដ្ឋានហើយតុបតែងលំអដោយផ្កាភ្ញីរផ្សេងៗ
២- រៀបស្លាធម៌បាយសីបីថ្នាក់ ម្លូរស្លាបារីនិងទឹកអប់ជាដើម
៣- បោសសំអាតផ្ទះសម្បែងហើយ កុំភ្លេចរៀបចំបោសសំអាតចិត្ត ត្រូវរលឹកដល់ធម៌ដែលនាំឲ្យបានកើតជាទេវតាមានដូចជា សទ្ធា សីល ហិរិ ឧត្តប្បៈ ចាគៈ សមាធិ បញ្ញា ។ ឆ្នាំចាស់ធ្លាប់មានចិត្តមិនបរិសុទ្ធិ មិនមានទាន សីល ភាវនា ឆ្នាំថ្មីប្តេជ្ញាដុសខាត់សំអាតចិត្ត ឲ្យចេះខ្មាស់បាប ខ្ពើមបាប មានចិត្តមេត្តាករុណា ចេះអាណិតអាសូរគ្នា ផ្តាច់ចោលគ្រឿងញៀនស្រវឹងឲ្យបាន ។ ឆ្នាំថ្មីត្រៀមចិត្តរួចជាស្រេច ដើម្បីធ្វើកិច្ចការយ៉ាងអំណត់អត់ធន់ ឲ្យបានគេហដ្ឋានថ្មី យានជំនិះថ្មី រកចំណូលឲ្យបានច្រើនជាងចំណាយ មានស្មារតីប្រុងប្រយ័ត្នមិនសន្តោសក្នុងការធ្វើអំពើល្អជាដើម ។ ឆ្នាំថ្មីមិនមែនជាការដែលត្រូវរីករាយភ្លើតភ្លើននោះទេ ព្រោះជាការបាត់បង់អាយុអស់៣៦៥ថ្ងៃទៀតទៅហើយ បើមិនខិតខំសន្សំបុណ្យកុសលជាបន្តទេ ជីវិតនឹងត្រូវអស់បុណ្យក្នុងថ្ងៃណាមួយជាមិនខាន ! ។ ឆ្នាំថ្មីត្រូវតែរឹងមាំជាងមុន ការភ័យខ្លាចបានត្រឹមតែបន្ថែមទំងន់បញ្ហាឡើងតែប៉ុណ្ណោះ ការរស់នៅនេះគ្មានភាពក្លាហានមិនបានទេ ។ ចាំណា ! ទោះបីជារាត្រីងងឹតយ៉ាងណា ក៏វាត្រូវបញ្ចប់ដោយសារតែការរះឡើងជាថ្មីនៃព្រះទិនករដែរ ! ។

