រឿងនរកសួគ៌វាជារឿងងាយទេ ចូរកុំធ្វើឲ្យវាក្លាយទៅជាការលំបាក ធ្វើតែអំពើល្អទៅវាបានសុខហើយ ! ។ ត្រូវប្រយ័ត្នចំពោះកំហឹង ព្រោះកំហឹងវានាំឲ្យមានការឈឺចាប់ បាត់បង់ការគ្រប់គ្រងចិត្តនិងបាត់បង់យុត្តិធម៌ វាតំណាងឲ្យសភាវគតិដែលមានកប់នៅក្នុងខ្លួន ។ កំហឹងដែលកើតមានរ៉ាំរ៉ៃ វាបង្កឲ្យខ្សោយខួរក្បាលអស់កម្លាំងនឹងមានការតានតឹងចិត្ត វាដូចជាការផឹកទឹកអាសីុតក្តៅនៅក្នុងចិត្ត ហើយក្រហល់ក្រហាយលើរាងកាយ។ ត្រូវស្វែងរកមធ្យោបាយដោះស្រាយជាមួយកំហឹងឲ្យបាន ពុំនោះទេវានឹងសម្លាប់អ្នកក្នុងថ្ងៃណាមួយជាមិនខាន ! ។ ភាពស្មោះត្រង់ជាមួយខ្លួនឯងនៅពេលមានការឈឺចាប់ គឺត្រូវពន្យល់ខ្លួនឯងឲ្យច្បាស់កុំកុហកខ្លួនឯងឲ្យសោះ កុំគិតគេចវេសពីការពិត ទំលាក់ភាពអាត្មានិយមចោល យកតាមអត្តសញ្ញាណសង្គម(ប្រពៃណីទំនៀមទំលាប់) ទំលាក់មោទនភាពចុះ អភ័យទោសឲ្យខ្លួនឯងបើចាំបាច់ ។

