
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយបានលើកឡើងនូវទស្សនៈសំខាន់ៗចំនួន៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Thamer Mohammed A Algosaibi ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាព។ តាមការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ជំនួបពិភាក្សានេះបានផ្តោតលើទស្សនៈសំខាន់ៗចំនួន៣ រួមមាន ការផ្លាស់ប្តូរទស្សនកិច្ចមេដឹកនាំនៃប្រទេសទាំងពីរឱ្យបានញឹកញាប់ ការជំរុញការផ្លាស់ប្តូរធុរជន និងការវិនិយោគ រួមទាំងការកែច្នៃកសិផលសម្រាប់នាំចេញទៅកាន់ទីផ្សារអារ៉ាប៊ីសាអូឌីត ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិស័យទេសចរណ៍។ ជាមួយគ្នានេះ ភាគីអគ្គរាជទូតអារ៉ាប៊ីសាអូឌីតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានលើកឡើងពីសារសំខាន់នៃការកសាងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រជាជាតិទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
