
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ គណបក្សនយោបាយចំនួន៥ បានដាក់លិខិតចំហស្នើប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បញ្ជូនសេចក្ដីព្រាងច្បាប់វិសោធនកម្មគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ត្រឡប់ទៅរដ្ឋសភាវិញ ដោយបារម្ភថាការកែប្រែនេះប៉ះពាល់ដល់ប្រព័ន្ធពហុបក្ស និងយន្តការត្រួតពិនិត្យនៅថ្នាក់មូលដ្ឋាន។
បន្ទាប់ពីរដ្ឋសភាបានអនុម័តសេចក្ដីព្រាងច្បាប់វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ គណបក្សនយោបាយចំនួនប្រាំ រួមមានគណបក្សឆន្ទៈខ្មែរ ភ្លើងទៀន កែទម្រង់កម្ពុជា ប្រជាធិបតេយ្យមូលដ្ឋាន និងប្រជាធិបតេយ្យជឿនលឿន បានរួមគ្នាស្នើសុំប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ឱ្យបញ្ជូនសេចក្ដីព្រាងច្បាប់នេះត្រឡប់ទៅរដ្ឋសភាវិញ។ ក្រុមគណបក្សទាំងនេះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា ការកែប្រែមាត្រា៣៣ អាចបើកផ្លូវឱ្យគណបក្សទទួលបានសំឡេងភាគច្រើន ក្តោបក្តាប់តំណែងមេឃុំ និងជំទប់ទាំងពីរតែម្នាក់ឯង ដែលធ្វើឱ្យបាត់បង់ភាពចម្រុះ ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ និងប៉ះពាល់ដល់វប្បធម៌សហការនៅថ្នាក់មូលដ្ឋាន មុនការបោះឆ្នោតអាណត្តិទី៦ នាឆ្នាំ២០២៧។
