
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្វាគមន៍ គម្រោងផលិតភាពយន្តខ្លី កម្ពុជា-ចិន និង វីដេអូបញ្ញាសិប្បនិម្មិត អំពីតំបន់អង្គរ រួមជាមួយ សមាគមយុវជនឌីជីថលកម្ពុជា-ចិន ក្រុមហ៊ុន Unicorn Media និង VINCIS ដើម្បី រួមគ្នាផ្សព្វផ្សាយ សម្រស់ពិតរបស់កម្ពុជា ទៅកាន់ ទីផ្សារអន្តរជាតិ ក្នុងនាមជា គោលដៅទេសចរណ៍ សុវត្ថិភាព។
នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល ទេសចរណ៍ភាពយន្ត បានទទួលជួប ពិភាក្សាការងារ ជាមួយអ្នកឧកញ៉ា លីម ហ៊ួរនីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន លោក Zhang Wenya នៃ Unicorn Media Consulting Group Cambodia លោក Gao Weixiang នៃ VINCIS ព្រមទាំង តំណាងក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍កម្ពុជា តួសម្តែង និង អ្នកផលិតមាតិកា ប្រមាណ ៣០រូប។ លោករដ្ឋមន្ត្រី បានស្វាគមន៍ ជាគោលការណ៍ ចំពោះគម្រោង ភាពយន្តខ្លី កម្ពុជា-ចិន និង វីដេអូបញ្ញាសិប្បនិម្មិត ដែល VINCIS បានបង្ហាញ ពីតំបន់អង្គរ តែបានគូសបញ្ជាក់ ថាត្រូវសុំ ការអនុញ្ញាតសាច់រឿង ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុនចាប់ផ្តើមថត។ លោកលើកទឹកចិត្ត ឱ្យធ្វើជានិទានកថា រួមបញ្ចូលវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ម្ហូបអាហារ និង ជីវភាពរស់នៅ របស់ប្រជាជន ព្រមទាំង មើលកម្ពុជា ជាស្ទូឌីយោធម្មជាតិ ហួសពីអង្គរ ទៅកាន់ ឆ្នេរភាគនិរតី ព្រៃភ្នំ និង ទឹកជ្រោះភាគឦសាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង និង ខេត្តកំពត។ ក្រុមការងារអន្តរក្រសួង ទេសចរណ៍ភាពយន្ត ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ខណៈកម្មវិធី លើកលែងទិដ្ឋាការ សាកល្បង សម្រាប់ពលរដ្ឋចិន អនុវត្តពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ លោករដ្ឋមន្ត្រី បានអំពាវនាវ ឱ្យរួមគ្នាផ្សព្វផ្សាយ កម្ពុជា ជាគោលដៅទេសចរណ៍ សុវត្ថិភាព និង ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលប៉ះពាល់ដល់ រូបភាពទេសចរណ៍។
