បើនិយាយពីការអាន តាមពិតទៅ មនុស្សចាប់ផ្តើមមានទម្លាប់អានតាំងពីថ្ងៃដំបូងដែលពួកគេចេះប្រកបអក្សរមកម្លេះ គ្រាន់តែពេលខ្លះពួកគេមិនបានចាប់អារម្មណ៍។ ជាក់ស្ដែង ក្រោយពីអ្នកយល់ដឹងពីរបៀបប្រកបតួអក្សររួច អ្នកនឹងព្យាយាមអានគ្រប់ទីកន្លែង និងគ្រប់ពេលដែលអ្នកឃើញតួអក្សរដែលអាចប្រកបបាន ឧទាហរណ៍ដូចជានៅពេលអ្នកមើលផ្ទាំងឃោសនាពាណិជ្ជកម្មនៅតាមដងផ្លូវ ស្លាកយីហោហាងធំៗ ខ្លោងទ្វារមន្ទីរពេទ្យ សាលារៀន វត្តអារាម និងខិតបណ្ណផ្សព្វផ្សាយផ្សេងៗ។ ល។
ការអានព័ត៌មាននៅលើកាសែត ទស្សនាវដ្ដី សៀវភៅ ឬអត្ថបទនានានៅលើទំព័រអនឡាញ គឺជាទម្លាប់ដ៏ល្អមួយក្នុងការស្រូបយកចំណេះបន្ថែម ហើយក៏ជាវិធីដើម្បីកែប្រែការគិត និងរបៀបរស់នៅឱ្យស្របទៅតាមបម្រែបម្រួលនៃសង្គមផងដែរ។ ប៉ុន្តែ មនុស្សមួយចំនួននៅពុំទាន់យល់ច្បាស់ពីសារសំខាន់នេះនៅឡើយទេ។
គុណសម្បត្តិនៃការអាន
ក្រៅពីចំណេះដឹង និងដំណឹងថ្មីៗទាន់ហេតុការណ៍ដែលបានមកពីការអានព័ត៌មាន អត្ថបទអនឡាញ ឬសៀវភៅ ការអានក៏មានសារប្រយោជន៍ចំពោះសុខភាពរាងកាយ និងស្មារតីមួយចំនួនទៀតផងដែរដូចជា កាត់បន្ថយភាពតប់ប្រមល់ក្រោយពីបំពេញការងារ ជួយឱ្យរាងកាយបានសម្រាក បង្កើនការគិត និងភាពច្នៃប្រឌិត ងាយស្រួលគេងលក់ ពង្រឹងការចងចាំ និងភាពវៃឆ្លាត។ ជាងនេះទៅទៀត ការអានបានច្រើនជាចំណែកមួយជួយឱ្យអ្នកមានប្រធានបទមិនចេះអស់ដើម្បីជជែកកម្សាន្តជាមួយមិត្តភក្ដិ ដៃគូនិងមនុស្សដទៃជុំវិញខ្លួន បន្ថែមភាពជឿជាក់និងក្តីសង្ឃឹមដល់ក្តីស្រមៃរបស់អ្នក និងពង្រីកទស្សនទានផងដែរ។
យ៉ាងណា ការបណ្ដុះឱ្យមានទម្លាប់អានជាប្រចាំមិនមែនជារឿងដែលអាចធ្វើបានក្នុងពេលមួយថ្ងៃនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកអាចចំណាយពេលកន្លះម៉ោង មួយម៉ោង ឬពីរម៉ោងក្នុងមួយថ្ងៃដើម្បីអានសៀវភៅ ឬព័ត៌មានរយៈពេលបីសប្ដាហ៍ជាប់គ្នា នោះអ្នកនឹងឃើញថា ការអានមានគុណតម្លៃចាំបាច់យ៉ាងណាខ្លះចំពោះជីវិតរស់នៅរបស់អ្នក។ បន្ទាប់មក អ្នកក៏នឹងមានទម្លាប់អានដោយស្វ័យប្រវត្តិ៕

